នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃសុក្រ ទី២៨ ខែមីនានេះ បានអំពាវនាវការបោះឆ្នោតជាតិ នៅថ្ងៃទី៣ ខែឧសភា ដោយចាប់ផ្តើមយុទ្ធនាការរយៈពេល៥សប្តាហ៍ ដែលត្រូវបានកំណត់គ្របដណ្តប់ដោយសម្ពាធនៃជីវភាពរស់នៅ។

គណបក្សការងាររបស់លោក Albanese បានឈ្នះសំឡេងភាគច្រើននៅការបោះឆ្នោតសហព័ន្ធចុងក្រោយក្នុងឆ្នាំ២០២២ ប៉ុន្តែការស្ទង់មតិថ្មីៗ ភាគច្រើនបង្ហាញថាគណបក្សនេះមានសំឡេងប្រកៀកប្រកិតគ្នាជាមួយគណបក្សក្រុមចម្រុះសេរីជាតិនិយម ជាគណបក្សប្រឆាំង នៅពេលដែលការបោះឆ្នោតពីគណបក្សតូចៗត្រូវបានបែងចែកជាថ្មី។

លោក Albanese បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «រដ្ឋាភិបាលរបស់យើង បានជ្រើសរើសដើម្បីប្រឈមទៅនឹងបញ្ហានានាជាសកលតាមវិធីរបស់អូស្ត្រាលី ដែលជួយប្រជាជនស្ថិតនៅក្រោមសម្ពាធនៃជីវភាពរស់នៅ ខណៈកំពុងកសាងសម្រាប់អនាគត»។ ដោយសារតែភាពរឹងមាំនិងភាពធន់ដែលប្រជាជនរបស់យើងបានបង្ហាញ នោះអូស្ត្រាលីកំពុងតែងាកចេញពីជ្រុងនៃបញ្ហា។ នៅពេលនេះ នៅថ្ងៃទី៣ ខែឧសភា អ្នកនឹងជ្រើសរើសផ្លូវឆ្ពោះទៅមុខ។
លោក Albanese បានជួបជាមួយអគ្គទេសាភិបាលរបស់ប្រទេស លោក Sam Mostyn ដើម្បីសុំការអនុញ្ញាតឱ្យអំពាវការបោះឆ្នោតសហព័ន្ធនៅទូទាំងប្រទេស។ នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រី ត្រូវតែស្វែងរកការអនុញ្ញាតជាផ្លូវការដើម្បីអំពាវការបោះឆ្នោតពីអគ្គទេសាភិបាល តំណាងប្រមុខរដ្ឋ ព្រះអង្គម្ចាស់ឆាលស៍របស់ចក្រភពអង់គ្លេស។
ការកំណត់អាណត្តិរយៈពេលបីឆ្នាំមានន័យថា អូស្ត្រាលីត្រូវបោះឆ្នោតនៅត្រឹមថ្ងៃទី១៧ ខែឧសភា ជាពេលចុងក្រោយដើម្បីបោះឆ្នោតសភាថ្មី។