ប្រភពពាណិជ្ជកម្មចំនួនបីបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក បានផ្អាកការរួមចំណែកដល់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ខណៈរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

រដ្ឋបាល របស់លោក Trump កំពុងដកខ្លួនចេញពីស្ថាប័នពិភពលោកជាច្រើន ដែលខ្លួនមើលឃើញថាមិនចុះសម្រុង ជាមួយនឹងគោលនយោបាយសេដ្ឋកិច្ច «America First» របស់លោក។ រដ្ឋបាលរបស់លោក មានគម្រោងចាកចេញពីស្ថាប័នមួយចំនួន ដូចជាអង្គការសុខភាពពិភពលោក ហើយបានកាត់បន្ថយការរួមចំណែកដល់ស្ថាប័នដទៃទៀត ជាផ្នែកមួយនៃការពិនិត្យឡើងវិញដ៏ទូលំទូលាយនៃការចំណាយរបស់សហព័ន្ធ។

អង្គការ WTO ត្រូវបានរំខានរួចហើយដោយចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ដើម្បីរារាំងការតែងតាំងចៅក្រមថ្មីទៅកាន់តុលាការឧទ្ធរណ៍កំពូលរបស់ខ្លួន ដែលធ្វើឲ្យប្រព័ន្ធដោះស្រាយវិវាទសំខាន់ៗរបស់អង្គការនេះដំណើរការដោយផ្នែកប៉ុណ្ណោះ។ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការ WTO ពីការធ្វើហួសកម្រិតរបស់តុលាការនៅក្នុងជម្លោះពាណិជ្ជកម្ម។
អង្គការឃ្លាំមើលពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ទទួលបានថវិកាប្រចាំឆ្នាំចំនួន២៣២,០៦លានដុល្លារ ក្នុងឆ្នាំ២០២៤។ សហរដ្ឋអាមេរិក មានការរួមចំណែកប្រហែល ១១% នៃចំនួននេះ ដោយផ្អែកលើប្រព័ន្ធថ្លៃសេវាដែលសមាមាត្រទៅនឹងចំណែកពាណិជ្ជកម្មសកល នេះបើយោងតាមឯកសារសាធារណៈរបស់អង្គការ WTO ។