រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន លោក Luis Caputo បានប្រកាសពីកិច្ចព្រមព្រៀងមានតម្លៃ២០ពាន់លានដុល្លារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ទុនបម្រុងរបស់ធនាគារកណ្តាល និងដោះស្រាយកាតព្វកិច្ចបំណុល ដោយមិនបង្កើនបំណុលជាតិ នេះបើយោងតាមសេដ្ឋវិទូ លោក Aldo Abram ។

ក្តីបារម្ភជាច្រើន នៅតែមានអំពីនិរន្តរភាពនៃគោលនយោបាយអត្រាប្តូរប្រាក់បច្ចុប្បន្ន ខណៈសេដ្ឋវិទូ លោក Hernan Letcher បានព្រមានអំពីហានិភ័យអតិផរណាដែលអាចកើតមាន ប្រសិនបើគោលនយោបាយប្តូរប្រាក់ ផ្លាស់ប្តូរ។
មតិសាធារណៈមានការខ្វែងគំនិតគ្នា ដោយប្រជាជនអាហ្សង់ទីនមួយចំនួន បង្ហាញក្តីសង្ឃឹមសម្រាប់លទ្ធផលវិជ្ជមាន ខណៈអ្នកផ្សេងទៀតនៅតែមានមន្ទិលចំពោះការជំពាក់បំណុលបន្ថែមទៀត។

កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន រួមទាំងអតិផរណាហក់ឡើងខ្ពស់ និងទុនបម្រុងដែលថយចុះ។