ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃសុក្រនេះ បានចោទប្រកាន់របបកូរ៉េខាងជើងពីបទរៀបចំផែនការ«ទម្រង់ថ្មីនៃការបង្កហេតុប្រឆាំងនឹងទីក្រុងសេអ៊ូល ខណៈពេលដែលមិនយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋខ្លួននោះ។

លោក Han បានធ្វើការអត្ថាធិប្បាយ នៅក្នុងសុន្ទរកថាមួយ ដែលប្រារព្ធទិវាការពារសមុទ្រខាងលិចលើកទី ១០ នៅទីបញ្ចុះសពជាតិ ក្នុងទីក្រុង Daejeon មានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្នុងអំឡុងពេលពិធីមួយគោរពវិញ្ញាណក្ខន្ធដល់នាវិក និងកងម៉ារីន ៥៥នាក់ ដែលត្រូវបានសម្លាប់ ក្នុងពេលការពារព្រំដែនសមុទ្រខាងលិច ជាមួយប្រទេសកូរ៉េខាងជើង។

លោកបាននិយាយថា៖«យើងបានការពារយ៉ាងម៉ឺងម៉ាត់ចំពោះសមុទ្រខាងលិច តាមរយៈការលះបង់ដ៏ថ្លៃថ្នូរបស់វីរបុរសរបស់យើង ប៉ុន្តែសព្វថ្ងៃនេះ របបដែលមិនទាន់មានការរីកចម្រើនរបស់កូរ៉េខាងជើង នៅលើផែនដីនេះ នៅតែបន្តគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ និងនៅលើពិភពលោក»។
«ខណៈពេលដែលការកែលម្អប្រព័ន្ធសព្វាវុធរបស់ខ្លួន បានកំណត់គោលដៅលើយើង តាមរយៈការជួញដូរអាវុធខុសច្បាប់ជាមួយរុស្ស៊ី ប្រទេសនេះ កំពុងរៀបចំផែនការបង្កហេតុក្នុងទម្រង់ថ្មី»។
លោក Han បានស្វែងរកការធានាដល់ប្រជាជាតិថា រដ្ឋាភិបាល និងយោធាកំពុងរក្សាជំហរត្រៀមខ្លួនពេញលេញ ដើម្បីធានាថា ប្រជាជនអាចរស់នៅ ប្រកបដោយផាសុកភាព។
លោកប្រធានាធីបតីស្តីរូបនេះ បាននិយាយថា៖«ទាហានវ័យក្មេងដែលបានទទួលមរតកនូវស្មារតីប្រយុទ្ធរបស់អ្នកចម្បាំងនៅសមុទ្រខាងលិច នឹងឆ្លើយតបភ្លាមៗ និងដ៏លើសលប់ ចំពោះការបង្កហេតុណាមួយរបស់កូរ៉េខាងជើង ដោយផ្អែកលើសមត្ថភាពប្រយុទ្ធដ៏រឹងមាំ និងឥរិយាបថត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ជាស្រេច»។