រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន IRNA កាលពីថ្ងៃព្រហស្បតិ៍ (២៧ មីនា) ថា អ៊ីរ៉ង់ បានផ្ញើការឆ្លើយតបតាមរយៈប្រទេសអូម៉ង់ ទៅនឹងលិខិតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលក្នុងនោះលោកបានជំរុញឱ្យទីក្រុងតេអេរ៉ង់ ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។
សារព័ត៌មាន IRNA បានដកស្រង់សម្តីលោក Araqchi ថា "គោលនយោបាយអ៊ីរ៉ង់ នៅតែមិនចូលរួមក្នុងការចរចាដោយផ្ទាល់ទេ ខណៈដែលស្ថិតក្រោមសម្ពាធអតិបរមា និងការគំរាមកំហែងផ្នែកយោធា ប៉ុន្តែទោះយ៉ាងនេះក្ដី ដូចទៅនឹងកាលពីមុនដែរ គឺកិច្ចចរចាដោយប្រយោលអាចបន្តបាន"។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Kamal Kharrazi ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់មិនបានបិទទ្វារទាំងស្រុងទេទៅលើការដោះស្រាយវិវាទជាមួយអាមេរិក ហើយបានត្រៀមខ្លួនជាស្រេចក្នុងការចរចាដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន។
មកទល់ពេលនេះ ទីក្រុងតេអេរ៉ង់បានច្រានចោលការព្រមានរបស់លោក Trump ឱ្យធ្វើកិច្ចព្រមព្រៀងមួយ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងផលវិបានយោធា។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានហៅការព្រមាននេះថាបោកបញ្ឆោត ហើយប្រមុខការបរទេសអ៊ីរ៉ង់និយាយថា កិច្ចពិភាក្សាមិនអាចទៅរួចទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ផ្លាស់ប្តូរគោលនយោបាយ "សម្ពាធអតិបរមា" របស់ខ្លួន៕

