ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ នឹងបើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ខណៈសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំរបស់ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី១ធ្នូនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៨ និង០០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ឯកឧត្តមបានបន្តថា ក្រៅពីពិនិត្យ និងអនុម័តនូវសេចក្តីព្រាងច្បាប់ខាងលើនេះ ព្រឹទ្ធសភាក៏នឹងប្រជុំពិនិត្យ និងឲ្យយោបល់លើរបៀបវារៈ នៃសេចក្តីព្រាងច្បាប់មួយចំនួនផ្សេងៗទៀតផងដែរ ដោយក្នុងនោះពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ និងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទផងដែរ៕ អត្ថបទ៖ បាន ចក់



