ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិករបស់បណ្ដាញសង្គម TikTok ឈ្មោះថាប្រព័ន្ធលក់ដូរ TikTok Shop បាននិយាយថា ខ្លួននឹងបើកដំណើរការទៅកាន់អ្នកប្រើប្រាស់ទ្វីបអឺរ៉ុប នៅប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដោយពង្រីកការឈានទៅដល់បន្ថែមទៀតទៅកាន់ប្លុកអឺរ៉ុប ក្នុងពេលដែល TikTok ប្រឈមនឹងការបិទបណ្ដាញនៅសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅចិន មិនស្វែងរកអ្នកទិញជនជាតិអាមេរិកទេនោះ។

បណ្ដាទិញ-លក់ទំនិញរបស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok នេះ មាននៅក្នុងចក្រភពអង់គ្លេសតាំងពីឆ្នាំ២០២១ មក ហើយក៏បានបើកដំណើរការនៅសហរដ្ឋអាមេរិក ក្នុងខែកញ្ញា ឆ្នាំ២០២៣ និងមានការលក់ខ្លាំងនៅរដូវកាលវិស្សមកាលឆ្នាំមុន។ ប៉ុន្តែពេលនេះ អនាគតរបស់ TikTok នៅសហរដ្ឋអាមេរិក គឺមិនច្បាស់លាស់ទេ លុះត្រាតែម្ចាស់ក្រុមហ៊ុនចិន ByteDance អាចលក់អេបនេះទៅឱ្យអ្នកទិញជនជាតិអាមេរិក។
TikTok Shop បាននឹងកំពុងព្យាយាមនាំយកអ្នកលក់ដែលមានមូលដ្ឋាននៅអឺរ៉ុបកាន់តែច្រើនឡើង ទៅកាន់វេទិកាដែលឈ្មួញជាច្រើនកំពុងលក់ផលិតផលដោយផ្ទាល់ពីប្រទេសចិន។ ក្នុងប្រព័ន្ធ TikTok Shop នេះ អ្នកប្រើប្រាស់អាច Live ផ្សាយផ្ទាល់លក់អ្វីគ្រប់យ៉ាង និងទទួលបានកម្រៃជើងសារលើការលក់ជាមួយនឹងផលិតផលបញ្ចុះតម្លៃជាច្រើនមុខ៕

