រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានអំពាវនាវឲ្យមាន "ភាពជាដៃគូបារាំង-ចិនដ៏មានឥទ្ធិពល» ចំពេលមានភាពចលាចលភូមិសាស្ត្រនយោបាយ ខណៈដែលលោកបានជួបសមភាគីចិនលោក វ៉ាង យី ( Wang Yi) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកិច្ចពិភាក្សាស្តីពីសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ជាមួយអឺរ៉ុប។

ប្រទេសចិនបាននិយាយថា ខ្លួនសង្ឃឹមថា ដំណើរទស្សនកិច្ចនៅសប្តាហ៍នេះដោយលោក Barrot នឹងឃើញបណ្តាប្រទេសនានា ពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងពិភពលោក ដែលប្រឈមនឹង «ភាពវឹកវរ និងការផ្លាស់ប្តូរ»។
ប្រទេសនេះ បានលើកឡើងថា ភាគីទាំងពីរ នឹងពិភាក្សាអំពីវិធី ដើម្បី «រួមគ្នាទប់ទល់នឹងឯកតោភាគីនិយម និងការកើតឡើងវិញនៃច្បាប់ព្រៃ» ដែលជាការនិយាយសំដៅលើលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលការវិលត្រឡប់ទៅកាន់តំណែងសេតវិមានរបស់លោក កាលពីខែមករា បានធ្វើឲ្យសណ្តាប់ធ្នាប់អន្តរជាតិ រង្គោះរង្គើយ៉ាងខ្លាំង។

ទីក្រុងប៉ារីសរំពឹងថា កិច្ចពិភាក្សានេះ នឹងផ្តោតលើដំណោះស្រាយចំពោះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលទីក្រុងប៉េកាំង មិនដែលថ្កោលទោស ក៏ដូចជាជម្លោះមជ្ឈិមបូព៌ា និងភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។ លោក Barrot បានជួបជាមួយប្រមុខការទូតចិន លោក វ៉ាង នៅឯផ្ទះសំណាក់ Diaoyutai របស់រដ្ឋ នៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមីនានេះ។
លោកទាំងពីរចាប់ដៃគ្នានៅមុខទង់ជាតិបារាំង និងចិនធំៗ បន្ទាប់មកចូលក្នុងបន្ទប់សម្រាប់ការពិភាក្សាបិទទ្វារ។