មនុស្សម្នារាប់ពាន់នាក់បានសម្រុកតវ៉ាទាំងកំហឹង កាលពីថ្ងៃព្រហស្បតិ៍ (២៧ មីនា) បន្ទាប់ពីសភារបស់អ៊ីស្រាអែល បានអនុម័តច្បាប់ពង្រីកអំណាចរបស់អ្នកនយោបាយលើការតែងតាំងចៅក្រមតុលាការ ដែលជំរុញដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
ការអនុម័តច្បាប់ដ៏ចម្រូងចម្រាសនេះ កើតឡើងនៅពេលក្រុមចម្រុះស្តាំនិយមបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលរបស់លោក Netanyahu បានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាជាមួយតុលាការកំពូល បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ បានចាប់ផ្តើមដំណើរការនីតិវិធីក្នុងការបណ្តេញរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងប្រមុខសន្តិសុខជាតិ។

ក្រុមបាតុករបានប្រមូលផ្តុំគ្នាប្រឆាំងនឹងច្បាប់នោះនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយក្រុមអ្នករិះគន់និយាយថា នេះជា "មហន្តរាយ" និង "ការសម្លាប់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល" ខណៈក្រុមប្រឆាំងបានដាក់ញត្តិយ៉ាងលឿនទៅកាន់តុលាការកំពូល ដែលជំទាស់នឹងច្បាប់នេះ។
ច្បាប់ប្រព័ន្ធតុលាការនេះត្រូវអនុម័តដោយការគាំទ្រ ៦៧សំឡេង ទល់នឹង ១សំឡេង ដោយបក្សប្រឆាំងធ្វើពហិការមិនចូលរួមការបោះឆ្នោតនៅក្នុងសភាអ៊ីស្រាអែល ដែលមានសមាជិក ១២០ រូបនេះ។ លើសពីការប្រឆាំងច្បាប់នោះ ក្រុមបាតុករអ៊ីស្រាអែលនៅក្រុង Tel Aviv ក៏បានទាមទារឱ្យមានការបោះឆ្នោត និងដោះលែងចំណាប់ថ្នូរក្នុងដៃក្រុមហាម៉ាស នៅដែនដីហ្កាហ្សាផងដែរ៕


