ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (២៧ មីនា) បានបើកបង្ហាញផែនការជម្លៀសមនុស្សប្រហែល ១២០.០០០នាក់ ចេញពីប្រជុំកោះភាគខាងត្បូងខេត្ត អូគីណាវ៉ា (Okinawa) នៅក្បែរកោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកជាទឹកដីរបស់ខ្លួន ក្នុងករណីមានអាសន្នណាមួយកើតឡើង។
នាវា និងយន្តហោះជាច្រើន នឹងអាចដឹកជញ្ជូនអ្នកស្រុកប្រហែល ១១០.០០០នាក់ និងភ្ញៀវទេសចរ ១០.០០០នាក់ ចេញពីកោះ សាគីស៊ីម៉ា (Sakishima) ក្នុងខេត្ត អូគីណាវ៉ា ទៅកាន់ខេត្តភាគនិរតី និងភាគខាងលិចចំនួន៨ ក្នុងរយៈពេលប្រាំមួយថ្ងៃ។

ជាមួយនឹងភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់កាន់តែកើនឡើង រដ្ឋាភិបាលជប៉ុននិយាយថា ខ្លួនក៏គ្រោងនឹងធ្វើសមយុទ្ធសម្រាប់ការជម្លៀសចេញពីខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ា ចាប់ពីខែមេសា ឆ្នាំ២០២៦ ខាងមុខ។
រដ្ឋាភិបាលនិយាយថា ផែនការនេះមិនសំដៅទៅលើសេណារីយ៉ូជាក់លាក់ណាមួយទេ ប៉ុន្តែកូនកោះជប៉ុនទាំងអស់ដែលត្រូវជម្លៀសគឺនៅជិតកោះតៃវ៉ាន់ ដោយកោះ Yonaguni ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់ស្វ័យគ្រប់គ្រងនោះ។ កោះតៃវ៉ាន់ ត្រូវគេមើលឃើញថាជាចំណុចដ៏ក្ដៅគគុកផ្នែកយោធា ដែលអាចទាក់ទាញអាមេរិក ឱ្យមានជម្លោះជាមួយចិន៕

