អ្នកនាំពាក្យរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសអាហ្វហ្កានីស្ថាន លោក Zabihullah Mujahid បាននិយាយថា បញ្ហាជាច្រើន រួមមានការបើកស្ថានទូតសហរដ្ឋអាមេរិកឡើងវិញនៅទីក្រុងកាប៊ុល និងការប្រគល់ការគ្រប់គ្រងស្ថានទូតអាហ្វហ្គានីស្ថាននៅក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានលើកយកមកពិភាក្សាជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក។

លោក Mujahid បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Arabiya TV ថា «ការចរចាសម្រាប់ការប្រគល់ស្ថានទូតអាហ្វហ្គានីស្ថាននៅសហរដ្ឋអាមេរិក កំពុងដំណើរការ» ហើយ«យើងក៏ចង់ឲ្យស្ថានទូតអាមេរិកបន្តសកម្មភាពរបស់ខ្លួនផងដែរ»។

គណៈប្រតិភូ បានត្រឡប់ទៅសហរដ្ឋអាមេរិកវិញជាមួយនឹងបញ្ហាត្រូវដោះស្រាយមួយចំនួន ហើយ «យើងនឹងរង់ចាំមើល ថាតើទីក្រុងវ៉ាស៊ីនតោននឹងមានចំណាត់ការបែបណា»។
លោកMujahid និយាយថា រដ្ឋាភិបាលបណ្តោះអាសន្ន បានបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក ហើយប្តេជ្ញាបង្កើតទំនាក់ទំនងវិជ្ជមានជាមួយប្រទេសនេះ។
ចាប់តាំងពីរដ្ឋាភិបាលបណ្តោះអាសន្ន បានចូលកាន់អំណាចនៅខែសីហា ឆ្នាំ២០២១ គណៈប្រតិភូអាមេរិក បានធ្វើទស្សនកិច្ចនៅទីក្រុងកាប៊ុលកាលពីសប្តាហ៍មុន ជាលើកដំបូង។ គណៈប្រតិភូ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងការដោះដូរអ្នកទោសជាមួយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសរបស់រដ្ឋាភិបាល លោក Mawlawi Amir Khan Muttaqi ។