អាមេរិក៖ នគរបាលបាននិយាយថា ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់បានសម្លាប់សិស្សសាលាវិទ្យាល័យ ៣នាក់ និង ៨នាក់រងរបួស បន្ទាប់ពីបើកការបាញ់ប្រហារដោយកាំភ្លើងខ្លីពាក់កណ្ដាលស្វ័យប្រវត្តិ នៅវិទ្យាល័យមួយក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ហើយភ្លាមៗនោះរូបគេត្រូវនគរបាលចាប់ខ្លួន។

ការិយាល័យស្នងការនគរបាលតំបន់ Oakland បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករបួសទាំងនោះគឺជាគ្រូបង្រៀន និងអ្នកផ្សេងពីនោះគឺជាសិស្សនៅវិទ្យាល័យ Oxford ក្នុងរដ្ឋ Michigan ស្ថិតនៅចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រភាគខាងជើងទីក្រុង Detroit ដែលជាទីក្រុងធំ និងមានប្រជាជនច្រើនបំផុតរបស់រដ្ឋនេះ។ ក្រុមមន្ត្រីនិយាយថា គេនៅមិនទាន់ដឹងពីមូលហេតុ នៃការប្រព្រឹត្តរបស់ជនវាយប្រហារនេះនៅឡើយទេ។ ស្នងការរងនគរបាលលោក Michael McCabe បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា សិស្សដែលត្រូវបានបាញ់សម្លាប់នោះរួមមានក្មេងប្រុសអាយុ ១៦ឆ្នាំ, ក្មេងស្រីអាយុ ១៧ឆ្នាំ និងក្មេងស្រីម្នាក់ទៀតមានអាយុ ១៤ឆ្នាំ។ លោក McCabe បាននិយាយថា សិស្សសាលា ២នាក់ក្នុងចំណោមអ្នករងរបួសត្រូវបានធ្វើការវះកាត់ព្យាបាលរបួស និង ៦នាក់ទៀតមានស្ថានភាពសុខភាពធម្មតា។

លោក McCabe បន្ថែមថា ជនសង្ស័យជាសិស្សថ្នាក់វិទ្យាល័យនៅសាលានេះ ត្រូវគេជឿថាបានធ្វើសកម្មភាពតែម្នាក់ឯងទេ ហើយត្រូវបានចាប់ខ្លួនដោយគ្មានការតដៃជាមួយនគរបាលឡើយ បន្ទាប់ពីការបាញ់អស់ប្រមាណ ១៥ ទៅ ២០គ្រាប់។ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Joe Biden បានសម្ដែងភាពសោកសៅ និងការអាណិតអាសូចំពោះហេតុការណ៍បាញ់ប្រហារនេះ ដោយនិយាយថា លោកសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន៕
អត្ថបទ៖ សុខមាន