អាជ្ញាធរ បានព្រមានថា ព្យុះស៊ីក្លូនត្រូពិក ទំនងជានឹងបោកបក់ឆ្លងកាត់ឆ្នេរសមុទ្រភាគខាងជើងប្រទេសអូស្ត្រាលីភាគខាងលិច (WA) ក្នុងរយៈពេល២៤ម៉ោង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលអាចកើតមាន។

ការិយាល័យឧតុនិយម បាននិយាយនៅថ្ងៃសុក្រនេះថា ព្យុះត្រូពិកសម្ពាធទាបដែលកំពុងវិវឌ្ឍ នៅមហាសមុទ្រឥណ្ឌា ត្រូវបានគេរំពឹងថានឹងឈានដល់ព្យុះស៊ីក្លូនកម្រិតខ្លាំង មុនពេលឆ្លងកាត់ឆ្នេរសមុទ្រ WA ទាំងនៅយប់ថ្ងៃសុក្រនេះ ឬព្រឹកថ្ងៃសៅរ៍ស្អៃក។
ការិយាល័យនិយាយថា ព្យុះស៊ីក្លូនទំនងជានឹងបោកបក់ដល់ដីគោកលើឆ្នេរ Kimberley ភាគខាងជើងនៃឆ្នេរសមុទ្រ WA ជាតំបន់ធំទូលាយ និងពុំសូវមានប្រជាជនរស់នៅច្រើន។ ការិយាល័យឧតុនិយម និយាយថា ព្យុះស៊ីក្លូនទំនងជានឹងនាំមកនូវ សន្ទុះខ្យល់ដ៏មហន្តរាយ និងភ្លៀងធ្លាក់ខ្លាំង ដែលអាចនាំឱ្យមានទឹកជំនន់ដ៏គំហុកនៅតំបន់ភាគខាងជើង និងភាគខាងលិចឆ្នេរ Kimberley ។

តំបន់រងផលប៉ះពាល់ដែលអាចកើតមាន រួមមានក្រុង Derby ដែលមានប្រជាជនរស់នៅប្រហែល៣.៥០០នាក់។ ការព្រមានដែលត្រូវបានចេញដោយនាយកដ្ឋានពន្លត់អគ្គិភ័យ និងអង្គភាពសេវាសង្គ្រោះបន្ទាន់នៅតំបន់ឆ្នេរ WA បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា «គ្មានគ្រោះថ្នាក់ភ្លាមៗកើតឡើងទេ» សម្រាប់អ្នកស្រុក និងភ្ញៀវទេសចរ ប៉ុន្តែបានជំរុញឱ្យប្រជាជនចាប់ផ្តើមត្រៀមទប់ទល់សម្រាប់អាកាសធាតុដ៏គ្រោះថ្នាក់។