តុលាការបារាំង នៅថ្ងៃទី៣១ ខែមីនា នឹងសម្រេចថា តើមេដឹកនាំក្រុមស្តាំនិយមជ្រុល គឺលោកស្រី Marine Le Pen មានទោស ឬអត់ ជុំវិញសំណុំរឿងគម្រោងការងារក្លែងក្លាយ នៅសភារបស់សហភាពអឺរ៉ុប (EU) ជាសាលក្រមដែលអាចបំផ្លាញឱកាសរបស់លោកស្រី ក្នុងការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំ២០២៧។
បេក្ខភាពឈរឈ្មោះប្រធានាធិបតី ៣សម័យកាល លោកស្រី Le Pen ដែលឃើញឱកាសល្អបំផុត ក្នុងការបានឈ្នះតំណែងប្រធានាធិបតីបារាំង នៅឆ្នាំ២០២៧ បានបដិសេធយ៉ាងដាច់អហង្ការថា មិនបានធ្វើអំពើខុសឆ្គងណាមួយឡើយ។

ប៉ុន្តែរដ្ឋអាជ្ញាក្នុងសំណុំរឿងនេះ ដែលក៏កំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សរួបរួមជាតិ (RN) បានស្នើឲ្យតុលាការកាត់ទោសលោកស្រី Le Pen ដែលមានទាំងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ និងបម្រាមមិនឲ្យកាន់តំណែងសាធារណៈ។ ការហាមឃាត់នោះនឹងចូលជាធរមាន បើទោះបីជាលោកស្រីប្តឹងឧទ្ធរណ៍ក៏ដោយ ដែលនឹងដកសិទ្ធិលោកស្រីមិនឲ្យបានចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រសិនបើតុលាការអនុវត្តតាមអនុសាសន៍នោះ។
ដោយគណបក្ស RN របស់លោកស្រី បានលេចឡើងក្នុងនាមជាគណបក្សធំជាងគេតែមួយគត់ នៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ២០២៤ លោកស្រី Le Pen ជឿជាក់ថា លោកស្រីមានសន្ទុះយ៉ាងខ្លាំងក្លា ដែលនៅទីបំផុតឈ្នះកៅអីនៅវិមាន Elysee ក្នុងឆ្នាំ២០២៧ ដែលត្រូវបានជំរុញដោយក្ដីបារម្ភជាសាធារណៈ ជុំវិញបញ្ហាអន្តោប្រវេសន៍ និងតម្លៃនៃការរស់នៅ។
ប្រសិនបើលោកស្រីធ្លាក់ចេញពីតំណែងបេក្ខជននេះ លោក Jordan Bardella ទើបមានអាយុ ២៩ឆ្នាំ ដែលមិនស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងសំណុំរឿងនេះ ពោលគឺជាអ្នកដែលលោកស្រីគាំទ្រនោះ ត្រូវចូលមកស្នងតំណែងនេះ។ ប៉ុន្តែមានការមិនទុកចិត្ត សូម្បីតែនៅក្នុងរង្វង់គណបក្ស ជុំវិញថា តើរូបលោកមានបទពិសោធន៍គ្រាប់គ្រាន់ ក្នុងការធ្វើយុទ្ធនាការប្រជែងតំណែងប្រធានាធិបតីដែរ ឬទេ៕
