អ្នកជំនាញបានប្រាប់សារព័ត៌មាន OSV News ថា វិធីសាស្រ្តរបស់រដ្ឋបាលនៃប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន អាចមានផលប៉ះពាល់ មិនត្រឹមតែសម្រាប់សន្តិសុខអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងសម្រាប់កិច្ចប្រឹងប្រែងកសាងសន្តិភាព ជុំវិញពិភពលោកផងដែរ ។
សេតវិមាន កាលពីថ្ងៃទី២៥ ខែមីនា បានឲ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា នៅសមុទ្រខ្មៅ ហើយថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន «បានយល់ស្របថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្ត ក្នុងការជួយសម្រេចឲ្យបាននូវការដោះដូរអ្នកទោសសង្គ្រាម ការដោះលែងអ្នកជាប់ឃុំស៊ីវិល និងការវិលត្រលប់មកវិញនូវកុមារអ៊ុយក្រែនដែលត្រូវបានបញ្ជូនដោយបង្ខំ» ក្នុងចំណោមកិច្ចព្រមព្រៀងផ្សេងៗទៀត។
នៅមុននេះ ទាំងអ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាជាគោលការណ៍ ចំពោះបទឈប់បាញ់ដោយផ្នែកៗ បន្ទាប់ពីប្រធានាធិបតី Donald Trump បានជជែកជាមួយមេដឹកនាំនៃប្រទេសនីមួយៗ។ ប៉ុន្តែផ្លូវឆ្ពោះទៅរកបទឈប់បាញ់បែបនេះ នៅតែមានភាពស្រពិចស្រពិល បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានច្រានចោលសំណើរបស់លោក Trump សម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃពេញ កាលពីថ្ងៃទី២៨ ខែមីនា។ កិច្ចព្រមព្រៀងបណ្តោះអាសន្នកើតឡើងបន្ទាប់ពីមានភាពច្របូកច្របល់ ២-៣សប្តាហ៍សម្រាប់ការជំរុញរបស់រដ្ឋបាលនេះ ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងការឈ្លោះប្រកែកតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អំឡុងកិច្ចប្រជុំ នៅសេតវិមាន រវាងលោក Trump អនុប្រធានាធិបតីលោក JD Vance និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy។

លោក Michael David-Fox នាយកមជ្ឈមណ្ឌល សម្រាប់ការសិក្សាអាស៊ីអឺរ៉ុប រុស្ស៊ី និងអឺរ៉ុបខាងកើតនៃសាកលវិទ្យាល័យ Georgetown University បានប្រាប់សារព័ត៌មាន OSV News ថា៖ «ខ្ញុំមិនគិតថា យើងពិបាកទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បីបានដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើង នៅក្នុងការចរចាកម្រិតខ្ពស់រវាង សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ។ វាមិនទាន់ច្បាស់ថា តើអ៊ុយក្រែននឹងទទួលបានការធានាសន្តិសុខកម្រិតណា និងថា តើនៅទីបំផុត អ៊ុយក្រែននឹងត្រូវបានចូលរួមពាក់ព័ន្ធដំណោះស្រាយណាមួយដែរ ឬយ៉ាងណា។ អឺរ៉ុបក៏នឹងមិនត្រូវបានមើលរំលងដែរ»។
លោក David-Fox បានប្រាប់បន្ថែមថា ក្នុងរយៈពេល ២-៣សប្តាហ៍នៃការចូលកាន់តំណែងនេះ «លោក Trump បានធ្វើឲ្យសណ្តាប់ធ្នាប់អន្តរជាតិប្រែប្រួល បង្កឲ្យមានការភ្ញាក់ផ្អើល ចលាចល និងភាពមិនប្រាកដប្រជា ពោលគឺជាភាពមិនច្បាស់លាស់ដែលឥឡូវនេះ ហាក់ដូចជាបានពង្រីកទៅដល់រុស្ស៊ី បន្ទាប់ពីមាននូវរយៈពេលដ៏រីករាយដំបូង នៅទីនោះ»៕

