រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Rachel Reeves បាននិយាយថា ចក្រភពអង់គ្លេសកំពុងស្ថិតក្នុងដំណាក់កាល «ចរចារដ៏តានតឹងនាពេលនេះជាមួយសមភាគីអាមេរិក» នៅពេលដែលលោក Donald Trump បានប្រកាសពន្ធថ្មី ២៥ភាគរយលើរថយន្តនាំចូលទាំងអស់។
ការគំរាមកំហែងចុងក្រោយបង្អស់របស់មេដឹកនាំអាមេរិក ចំពោះផលិតផលផលិតនៅបរទេសដែលត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ក៏មានអ្នកផលិតរបស់អង់គ្លេស នៅក្នុងទីផ្សារនាំចេញធំបំផុតតែមួយគត់នេះដែរ។ ប្រសិនបើលោក Trump អនុវត្តគោលការណ៍ដំឡើងពន្ធនេះ វានឹងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មរថយន្តរបស់ប្រទេសនេះ ដែលរួមមានក្រុមហ៊ុនផលិតនានា ដូចជា Jaguar Land Rover, Aston Martin និង Rolls-Royce ជាដើម។

លោកស្រី Reeves បានលើកឡើងថា កិច្ចពិភាក្សាជាមួយសេតវិមាន រួមមាន «បញ្ហារថយន្ត និងដែក និងប្រភេទពន្ធផ្សេងៗទៀត»។ លោកស្រីបានបន្ថែមថា៖ «ការងារនោះបានបន្តមាន ចាប់តាំងពីនាយករដ្ឋមន្រ្តីរបស់យើង គឺលោក Keir Starmer បានទៅសេតវិមាន ដើម្បីជួបប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍មុន។ ការពិភាក្សាទាំងនោះនៅតែបន្តប្រព្រឹត្តទៅ»។
នៅពេលត្រូវបានសួរថា តើការពិភាក្សាអាចនាំឲ្យមានការលើកលែង ចំពោះក្រុមហ៊ុនរថយន្តដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសដែរ ឬទេ លោកស្រី Reeves បានឆ្លើយតបថា៖ «មែនហើយ នោះហើយជាអ្វីដែលយើងកំពុងធ្វើការ។ យើងមានពេលប៉ុន្មានថ្ងៃទៀត សម្រាប់ការចរចារទាំងនោះ មុនពេលការដំឡើងពន្ធទាំងនេះ នឹងកើតមាន»។
លោកស្រីបានបន្ថែមថា ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក គឺជារឿងត្រឹមត្រូវ សម្រាប់ប្រទេសដែលមានអតិរេកពាណិជ្ជកម្មច្រើនជាមួយពួកគេ ប៉ុន្តែបានទទូចថា ចក្រភពអង់គ្លេសមិនមែនជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំងនោះទេ។ លោកស្រី Reeves បាននិយាយមុននេះថា មិនដូចកាណាដា ម៉ិកស៊ិក និងចិនទេ ចក្រភពអង់គ្លេសមិនមានគម្រោង «នាពេលនេះ» ដើម្បីដាក់ចេញពន្ធសងសឹក ចំពោះអាមេរិក បន្ទាប់ពីលោក Trump បាននិយាយថា ការដំឡើងពន្ធចុងក្រោយបំផុតរបស់លោក នឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា៕

