ដោយសរសើររដ្ឋាភិបាលឥណ្ឌា និងលោកនាយករដ្ឋមន្ត្រី Narendra Modi សម្រាប់ «ភាពមិនប្រែប្រួល» ប្រកាន់យក «ជំហរមិនលម្អៀងលើវិបត្តិអ៊ុយក្រែន» និងសម្រាប់ការតស៊ូមតិ «ឲ្យមានដំណោះស្រាយតាមរយៈការសន្ទនា» រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែមីនា) បាននិយាយថា លោកប្រធានាធិបតី Vladimir Putin នឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងឆ្នាំនេះ ហើយការត្រៀមរៀបចំ សម្រាប់ដំណើរនោះកំពុងប្រព្រឹត្តទៅ។
នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Putin ទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីរុស្ស៊ីលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសនៃទស្សនកិច្ចនេះ កើតមានឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បាននាំមុខគេក្នុងការសម្រុះសម្រួលឲ្យមានបទឈប់បាញ់ រវាងវិមានក្រឹមឡាំង និងទីក្រុងគីវ។ សម្រាប់លោក Trump គេក៏រំពឹងដែរថា នឹងធ្វើទស្សនកិច្ច នៅឥណ្ឌា សម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំសម្ព័ន្ធ Quad នៅចុងឆ្នាំនេះ។
នៅក្នុងសុន្ទរកថាជាវីដេអូទៅកាន់សន្និសីទ ដែលមានចំណងជើងថា «រុស្ស៊ី និងឥណ្ឌា រួមគ្នាឆ្ពោះទៅរករបៀបវារៈទ្វេភាគីថ្មី» នៅទីក្រុងមូស្គូ លោក Lavrov បានប្រាប់ថា៖ «វាជានិមិត្តរូបដែលលោកនាយករដ្ឋមន្រ្តី Modi បានធ្វើទស្សនកិច្ចទ្វេភាគីលើកដំបូង បន្ទាប់ពីលោកបានជាប់ឆ្នោតឡើងវិញ កាលពីឆ្នាំមុន មកកាន់ប្រទេសរុស្ស៊ី។ ឥឡូវនេះយើងត្រូវធ្វើបែបនោះវិញម្ដង។ ប្រធានាធិបតីរុស្ស៊ី លោក Putin បានទទួលយកការអញ្ជើញរបស់ប្រមុខរដ្ឋាភិបាលឥណ្ឌា។ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋរុស្ស៊ីកំពុងត្រូវបានរៀបចំ»៕