បាល់ទាត់៖ ក្លិបអ្នកមានថ្មី Newcastle United នៅតែរកជ័យជំនះដំបូងមិនបានក្នុងរដូវកាលនេះនៅក្របខណ្ឌ English Premier League គិតត្រឹមសប្តាហ៍ទី១៤ ទៅហើយបន្ទាប់ពី Norwich តាមស្មើវិញនៅចុងម៉ោង។ Newcastle ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Eddie Howe ប្រកួតដំបូងក្នុងទឹកដីខ្លួនឯងតែចាប់ផ្តើមបានតែ ៩នាទី Ciaran Clark ត្រូវបានបណ្តេញចេញក្រោយកំហុសលើខ្សែប្រយុទ្ធ Teemu Pukki។

ថ្វីបើគ្នាតិចជាងមែន Newcastle នៅតែអាចរកគ្រាប់នាំមុខមុនបាននៅនាទីទី៦១ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Callum Wilson ក្រោយកំហុសរបស់ Billy Gilmour។ យ៉ាងណាក្តីក្រុមរបស់លោក Eddie Howe នៅតែមិនអាចរក្សាការនាំមុខបានពោលគឺខ្សែប្រយុទ្ធហ្វាំងឡង់ Teemu Pukki ជាអ្នកតាមស្មើឱ្យ Norwich នៅនាទីទី៧៩។ លទ្ធផលនេះធ្វើឱ្យ Newcastle បន្តឈរបាតតារាងស្វែងរកជ័យជំនះដំបូងមិនបាននៅឡើយក្រោយលេងបាន ១៤សប្តាហ៍មានត្រឹម ៧ពិន្ទុតាមពីក្រោយ Norwich ២ពិន្ទុ។ មួយប្រកួតទៀតយប់មិញ Leeds United រកបានបីពិន្ទុលើកទី៤ ប៉ុណ្ណោះក្នុងរដូវកាលនេះដើម្បីឡើងមកឈរលេខ ១៥ ក្នុងតារាងមាន ១៥ពិន្ទុ។ គ្រាប់ជ័យជំនះរបស់ Leeds ត្រូវរង់ចាំដល់នាទីទី៩០+៣ ទៅហើយដោយបាល់ ១១ម៉ែត្ររបស់ Raphinha ក្រោយកំហុសបាល់ប៉ះដៃរបស់ខ្សែការពារ Crystal Palace, Marc Guehi។ ចំណែក Crystal Palace បានធ្លាក់មកលេខ ១២ ក្នុងតារាងមាន ១៦ពិន្ទុពីការប្រកួត ១៤លើក៕
អត្ថបទ៖នាង សុភាវុធ