ប្រទេសប៉ូឡូញបានហាមឃាត់ជនអន្តោប្រវេសន៍មិនឲ្យសុំសិទ្ធិជ្រកកោន ដោយផ្ដល់ហេតុផលថា ខ្លួនចង់ «ចាប់ផ្ដើមគ្រប់គ្រងឡើងវិញ» នូវព្រំដែនរបស់ខ្លួន។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសពីការផ្អាកនេះ ដើម្បីជាការឆ្លើយតបទៅនឹងលំហូរជនអន្តោប្រវេនស៍ នៅព្រំដែនជាមួយប្រទេសបេឡារុស បន្ទាប់ពីអះអាងថា រុស្ស៊ីកំពុងយកជនអន្តោប្រវេសន៍ជាអាវុធ។
ច្បាប់ថ្មីនេះអនុញ្ញាតឲ្យអាជ្ញាធរប៉ូឡូញផ្អាកសិទ្ធិជនអន្តោប្រវេសន៍គ្រប់រូបមិនឲ្យសុំសិទ្ធិជ្រកកោន រហូតដល់ ៦០ថ្ងៃ។ ការលើកលែងនឹងត្រូវបានធ្វើឡើងតែសម្រាប់អនីតិជនដែលគ្មានអាណាព្យាបាល ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ ឬមនុស្សមិនមានសុខភាពល្អ និងនរណាម្នាក់ដែលប្រឈមនឹង «ហានិភ័យពិតប្រាកដនៃគ្រោះថ្នាក់ធ្ងន់ធ្ងរ»។
ទីក្រុងវ៉ាសូវីបានអះអាងថា ប្រទេសជិតខាងបេឡារុស ក្រោមឥទ្ធិពលរបស់វិមានក្រឹមឡាំង កំពុងរៀបចំឲ្យជនអន្តោប្រវេសន៍ធ្វើដំណើរទៅកាន់ព្រំដែនបេឡារុស-ប៉ូឡូញ ដែលជាផ្នែកនៃសង្គ្រាមកូនកាត់ ដើម្បីធ្វើឲ្យសហភាពអឺរ៉ុបមានអស្ថិរភាព។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ ជារៀងរាល់ខែ ជនអន្តោប្រវេសន៍ជាច្រើនពាន់នាក់ បានព្យាយាមឆ្លងចូលប្រទេសប៉ូឡូញ ដែលនាំឲ្យទីក្រុងវ៉ាសូវី សាងសង់របងលួសបន្លាកម្ពស់ ៥ម៉ែត្រ នៅតាមព្រំដែនលាតសន្ធឹងដ៏វែងអន្លាយ៕