ផ្សារភាគហ៊ុនថៃ បានផ្អាកសកម្មភាពជំនួញទាំងអស់សម្រាប់ពេលរសៀលថ្ងៃសុក្រនេះ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លា បានវាយប្រហារប្រទេសជិតខាងមីយ៉ាន់ម៉ា ក្នុងនោះការរំញ័រកើតមានផងដែរនៅក្នុងរាជធានីបាងកក ។
ប្រតិបត្តិករផ្សារភាគហ៊ុនថៃ និយាយនៅលើគេហទំព័ររបស់ខ្លួនថា បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លានៅសហភាពមីយ៉ាន់ម៉ា ផ្សារភាគហ៊ុនថៃ សូមប្រកាសផ្អាកជាបន្ទាន់រាល់សកម្មភាពជំនួញទាំងអស់ ។
ការបិទនេះដែរ ធ្វើឲ្យប៉ះពាល់ដល់ផ្សារភាគហ៊ុនទាំងអស់ រួមទាំងផ្សារភាគហ៊ុន SET, MAI និង TFEX សម្រាប់ពេលរសៀលថ្ងៃនេះ ។
ខណៈពេលនោះដែរ ក្រុមនគរបាល និងក្រុមគ្រូពេទ្យបឋមថៃ និយាយថា អគារកម្ពស់ ៣០ជាន់ ដែលកំពុងស្ថិតក្រោមការសាងសង់ធ្វើជាការិយាល័យរដ្ឋាភិបាល បានបាក់នៅទីក្រុងបាងកក ដោយជាប់កម្មករ ៤៣នាក់ ។
ពួគគេបន្តថា អគារមួយខ្នងនេះដែលស្ថិតនៅភាគខាងជើងរាជធានីបាងកក បានក្លាយជាគំនរបាក់បែក និងចម្រឹងដែកត្រឹមរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ៕