ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៅគ្រប់ភាគីទាំងអស់ ឱ្យខិតខំបន្ថែមទៀតដើម្បីសម្រេចតាមគោលដៅលុបបំបាត់ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះនៅក្នុងសារលិខិតរបស់សម្ដេចនៅក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវថា៖ «យើងទាំងអស់គ្នាត្រូវខិតខំថែមទៀតក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ដែលបាត់មុខមិនទាន់ទទួលបានសេវាព្យាបាល និងក្នុងការបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ចំនួនប្រមាណ ១២ ០០០នាក់»។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា ស្ថាប័នថ្នាក់ជាតិរហូតដល់អាជ្ញាធរដែនដី ត្រូវនាំមុខគេនៅក្នុងការសម្របសម្រួលកម្មវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់អង្គការដៃគូអន្តរជាតិ ឱ្យជួយផ្ដល់ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសបន្ថែមទៀតទៅដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាស្ថាប័នដឹកនាំសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
សុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្តថា៖ «ខ្ញុំក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ សហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ឱ្យបានតាមកាលកំណត់»។
បើតាមសុន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាមានប្រជាជនចំនួន ១៩៧៤គ្រួសារ ឬស្មើនឹងប្រមាណ ១២ ០០០នាក់ កំពុងរស់នៅដោយផ្ទុកមេរោគអេដស៍នៅទូទាំងប្រទេសគិតត្រឹមឆ្នាំនេះ។
កម្ពុជាបានផ្ដល់សេវាថែទាំងអ្នកជំងឺអេដស៍រហូតដល់ ៨៣%នៅទូទាំងប្រទេស ដែលជាអត្រាខ្ពស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពោលគឺមានអត្រាខ្ពស់ជាងប្រទេសចិន ឥណ្ឌា ថៃ និងវៀតណាមជាដើម៕
