ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ (ទី២៨ ខែមីនា) នេះ បានរាយការណ៍ថា សេតវិមានបានច្រានចោលសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលចង់ឲ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន នៅប្រទេសអ៊ុយក្រែន ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ (UN)។
លោក Putin បានលើកឡើងថា រដ្ឋបាលអន្តរកាលដែលគ្រប់គ្រងដោយ UN និងប្រទេសមួយចំនួន អាចត្រូវបានបង្កើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីរៀបចំការបោះឆ្នោត។ លោកបានបញ្ជាក់ថា៖ «នេះគ្រាន់តែជាជម្រើសមួយប៉ុណ្ណោះ។ ខ្ញុំមិននិយាយថា គ្មានជម្រើសផ្សេងទៀតនោះទេ។ នេះគឺជាជម្រើសមួយ ហើយការអនុវត្តបែបនេះ មាននៅក្នុងការងាររបស់ UN»។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានច្រានចោលសំណើនេះ ដោយសង្កត់ធ្ងន់ថា អភិបាលកិច្ចរបស់អ៊ុយក្រែន ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ និងប្រជាជនរបស់ប្រទេសនេះ។
មន្ត្រីរុស្ស៊ីបានចោទសួរម្តងហើយម្តងទៀត អំពីភាពស្របច្បាប់របស់ប្រធានាធិបតី លោក Volodymyr Zelensky និងអធិបតេយ្យភាពរបស់អ៊ុយក្រែន។ លោក Putin បានអះអាងថា ថ្នាក់ដឹកនាំបច្ចុប្បន្នរបស់អ៊ុយក្រែន គឺមិនស្របច្បាប់នោះទេ ពីព្រោះការបោះឆ្នោតមិនត្រូវបានធ្វើឡើងបន្ទាប់ពីអាណត្តិរបស់លោក Zelensky បានចប់៕