ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមការងារបញ្ញាសិប្បនិម្មិត ក.ប.ទ. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុចូលលើកទី២ ស្ដីពី “ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” ក្រោមប្រធានបទ “កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត” ដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងការវិវត្តនិងវឌ្ឍនភាពស្រាវជ្រាវនៃបញ្ញាសិប្បនិម្មិតនៅកម្ពុជា, បង្ហាញគម្រោងបញ្ញាសិប្បនិម្មិតមួយចំនួនដែលកំពុងអនុវត្តនៅក្នុង ក.ប.ទ. និងធ្វើកិច្ចពិភាក្សាស្តីពីទិន្នន័យនិងសំណុំធនធានបច្ចេកទេសដើម្បីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា ព្រមទាំងប្រមូលមតិយោបល់នានាពីសិក្ខាកាមដែលបានអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងវិស័យឯកជន ដែលមានសរុបប្រមាណ ១៥០នាក់។
សិក្ខាសាលានេះ ត្រូវបានថ្លែងសុន្ទរកថាបើកស្វាគមន៍ដោយ ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការ ក.ប.ទ. បន្តដោយបទបង្ហាញចំនួន ៤ លើប្រធានបទ 1-“សាវតារនិងវឌ្ឍនភាពការស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដោយ ឯកឧត្ដម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, ២-“ការអភិវឌ្ឍ TranslateKH” ដោយ លោក ឡាយ អជដេត អ្នកជំនាញជាន់ខ្ពស់បញ្ញាសិប្បនិម្មិត ក.ប.ទ., ៣-“ការអភិវឌ្ឍ Khmer Braille Translator” ដោយ លោកបណ្ឌិត លី រតនា ប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍ
នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង ៤-“ទស្សនៈមួយចំនួនពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍ Khmer LLM” លោកបណ្ឌិត អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អមដោយកិច្ចពិភាក្សាលើប្រធានបទ “ទិន្នន័យនិងសំណុំធនធានបច្ចេកទេសដើម្បីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដែលទទួលបានការសាកសួរជាច្រើនពីសិក្ខាកាម។ ក្នុងនោះដែរ ឯកឧត្ដម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានផ្តល់កិត្តិយសបិទសិក្ខាសាលាដោយជោគជ័យល្អប្រសើរផងដែរ៕














