ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់មកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិន នឹងជួបប្រជុំគ្នា រវាងថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមីនា នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ការប្រកាសនៅថ្ងៃសុក្រ (ទី២៨ ខែមីនា) នៃកិច្ចប្រជុំដ៏កម្រកើតមាននេះ ពោលគឺជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការដំឡើងពន្ធនាំចូល ២៥ភាគរយលើរថយន្តលក្ខណៈគ្រួសារ និងរថយន្តធុនស្រាល ដែលមិនត្រូវបានផលិតនៅលើដែនដីសហរដ្ឋអាមេរិក។
ទីក្រុងសេអ៊ូល និងតូក្យូ គឺជាអ្នកនាំចេញរថយន្តដ៏ធំ ហើយប្រទេសចិន ក៏ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារវិធានការពន្ធរបស់សហរដ្ឋអាមេរិកនេះ។
ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រាប់សារព័ត៌មាន AFP ថា «កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រីភាគីនេះ» ត្រូវបានគេរំពឹងថា នឹងមានការចូលរួមដោយរដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក Ahn Duk-geun និងសមភាគីជប៉ុនរបស់លោក គឺលោក Yoji Muto រួមទាំងលោក Wang Wentao របស់ប្រទេសចិនផងដែរ។
ជាមួយគ្នានេះ ជំនួបលើកនេះ ក៏នឹងមានកិច្ចប្រជុំទ្វេភាគី រវាងប្រទេសទាំង៣ ផងដែរ៕