អាហ្វហ្គានីស្ថាន៖ យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថា អតីតកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានជាង ១០០នាក់ត្រូវបានសម្លាប់ដោយពួកតាលីបង់ ឬបានបាត់ខ្លួនចាប់តាំងពីពួកសកម្មប្រយុទ្ធនេះដណ្ដើមកាន់កាប់ប្រទេសទាំងស្រុង។

ក្រុមសិទ្ធិមនុស្សបាននិយាយថា ការលើកលែងទោសដែលសន្យាដោយថ្នាក់ដឹកនាំរបស់ក្រុមតាលីបង់ មិនបានរារាំងមេបញ្ជាការក្នុងតំបន់ពីការដាក់គោលដៅលើអតីតទាហាន និងនគរបាលនោះទេ។ អង្គការអង្គការឃ្លាំមើលសិទ្ធិមនុស្ស ឬ Human Rights Watch បានចោទប្រកាន់ថ្នាក់ដឹកនាំក្រុមតាលីបង់ថា បានបិទភ្នែកឈរមើលការសម្លាប់។ ថ្មីៗនេះអ្នកនាំពាក្យក្រុមតាលីបង់បានបដិសេធពីការសម្លាប់សងសឹកណាមួយបានកើតឡើង។ ក្រុមនេះបានដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហា ខណៈដែលសហរដ្ឋអាមេរិកបានដកកងទ័ពចុងក្រោយរបស់ខ្លួន បន្ទាប់ពីសង្គ្រាមរយៈពេល ២០ឆ្នាំដោយបានទម្លាក់រដ្ឋាភិបាលរបស់លោក Ashraf Ghani។
គួររម្លឹកថា នៅពេលដែលក្រុមតាលីបង់បានចូលកាន់កាប់ប្រទេសនេះទាំងស្រុង ក្រុមនេះបានធានាដល់អតីតបុគ្គលិករដ្ឋាភិបាលថា ពួកគេនឹងមានសុវត្ថិភាពក្រោមការលើកលែងទោសជាទូទៅ ចំពោះអ្នកដែលបានធ្វើការឱ្យអង្គភាពនគរបាល កងទ័ព ឬសាខាផ្សេងទៀតរបស់រដ្ឋ។ កន្លងមកធ្លាប់មានរបាយការណ៍និយាយថា ក្រុមនេះបានចូលសួរពីផ្ទះមួយទៅផ្ទះថា ធ្លាប់បានបម្រើការងារឲ្យអតីតរដ្ឋាភិបាល ឬសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែរឬទេ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
អត្ថបទ៖ សុខមាន