ប្រធានសភាអ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី២៨ ខែមីនា) នេះ បាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅក្នុងតំបន់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើតាមការព្រមានរបស់ខ្លួន ក្នុងការផ្ដល់ផលវិបាកផ្នែកយោធាដល់ប្រទេសអ៊ីរ៉ង់ ដោយសារការមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅដើមខែនេះថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ដោយព្រមានថា «ផ្លូវ ២ ដែលអ៊ីរ៉ង់អាចជ្រើសរើសបាន នោះគឺប្រឈមជាមួយកម្លាំងយោធា ឬឈានដល់កិច្ចព្រមព្រៀង»។
ប្រធានសភា លោក Mohammad Qalibaf បានលើកឡើងថា៖ «ប្រសិនបើជនជាតិអាមេរិកវាយប្រហារសន្ដិភាពរបស់អ៊ីរ៉ង់ តំបន់ទាំងមូល នឹងផ្ទុះឡើងដូចជាផ្កាភ្លើងនៅក្នុងកន្លែងទុកគ្រាប់រំសេវ»។
អំឡុងពេលថ្លែងសុន្ទរកថា នៅឯពិធីបុណ្យប្រចាំឆ្នាំ Al-Quds Day ឬ Jerusalem Day ដែលជាការប្រារព្ធថ្ងៃសុក្រចុងក្រោយនៃខែដ៏ពិសិដ្ឋរបស់បុណ្យរ៉ាម៉ាដាន លោក Qalibaf បានបញ្ជាក់ថា៖ «មូលដ្ឋានរបស់ពួកគេ និងសម្ព័ន្ធមិត្តរបស់ពួកគេ នឹងមិនមានសុវត្ថិភាពនោះឡើយ»៕