រូបភាពវីដេអូឃ្លីបយានដ្រូនបញ្ចេញនៅថ្ងៃសុក្រនេះដោយក្រសួងការពារជាតិរុស្ស៊ី ឃើញអគ្គិភ័យ និងសំណុំផ្សែងហុយពីលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ Kursk របស់រុស្ស៊ី ក្រោយការវាយប្រហាររបស់អ៊ុយក្រែន ។
ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បើទោះបីជាមានការផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធគ្នាទៅវិញទៅមកក៏ដោយ ។
រុស្ស៊ីនិយាយថា អ៊ុយក្រែន បានវាយប្រហារស្ថានីយវាស់ឧស្ម័ន នៅតំបន់ Kursk និងរោងចក្រថាមពលនៅទីក្រុង Belgorod ហើយនិងបានព្យាយាមវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅតំបន់ Saratov ។
ដោយឡែក ក្រុមមន្រ្តី និងក្រុមសេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន និយាយដែរថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំលើទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២របស់អ៊ុយក្រែនកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យមនុស្ស ៩នាក់រងរបួស និងធ្វើឲ្យមានការខូចខាតផងដែរដល់អគារលំនៅឋានប្រជាជន ។
សេវាកម្មសង្រ្គោះបន្ទាន់ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហារនេះ បណ្តាលឲ្យមានអគ្គិភ័យកើតឡើង ៥កន្លែងនៅមជ្ឈមណ្ឌលទីក្រុង Kharkiv ហើយពួកគេបានបង្ហោះរូបថតសន្លឹករបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើងនៅតាមគំនរបាក់បែក ។ ពួកគេថា ការវាយប្រហារនេះ បណ្តាលឲ្យមានការខូចខាតអគារលំនៅឋានធ្ងន់ធ្ងរផងដែរ ៕