ភ្នំពេញ ៖ បងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ។ មរ ណភាពនេះបានធ្វើឱ្យក្រុមគ្រួសារសម្ដេចតេជោទទួលរងនូវទុក្ខសោកយ៉ាងខ្លាំង។ សម្ដេចតេជោបានរំលេចនូវសារមួយតាមបណ្ដាញសង្គមថា សង្ខារមិនទៀង តែការស្លាប់គឺទៀង។
បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។ នេះបើតាមសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមផ្ទាល់របស់សម្ដេចនៅអំឡុងម៉ោង ៣ ជាងទៀបភ្លឺនៃព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានទ ទួលអនិច្ចកម្មនៅអំឡុងម៉ោង២ និង ២៧ នាទីនៃព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។ ភ្លាមៗក្រោយដំណឹងដ៏អកុសលនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញវត្តមាននៅក្បែរសពបងប្រុសសម្ដេច, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សមាជិកក្រុមគ្រួ សារ និងឥស្សរជន រួមទាំងថ្នាក់ដឹកនាំជាច្រើនទៀត ក៏មានវត្តមាននៅទីនោះដែរ។
សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចបានបន្តថា បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗ និងបងប្អូនបានខិតខំអស់លទ្ធភាព ដើម្បីព្យាបាលបងទី១។ ពេលបងទី២ ទទួលមរណភាព ពេលនោះយើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ ទេ ព្រោះគាត់កំ ពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យ។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូតគាត់ ដឹងដោយខ្លួនឯង ដែលគាត់យំផង, និយាយផងថា ប្អូនអញស្លាប់ទាំងមូលមិនឱ្យអញដឹង។
សម្ដេចតេជោបានបន្តថា កាលពី ១២ ឆ្នាំមុន គឺនៅឆ្នាំ២០១៣ ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាព ព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ ទទួលមរណភាព, ភរិយារបស់ខ្ញុំ ដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១ បានដែរ។
បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិ ទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចម្ការដើម្បីផ្តល់ឱកាសឱ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើថីផែនទីដែលពេលនោះគេហៅថា មន្ត្រីសុរិយោដី។
សារចុងបញ្ចប់របស់សម្ដេចតេជោ សម្ដេចបានរម្លឹកថា កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គស្ដេចមានការ សោកស្ដាយយ៉ាងខ្លាំងក្រោយព្រះអង្គទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិ សិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាព ដោយរោគា ពាធ។
ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានព្រះលិខិតថា ខ្ញុំសូមសម្ដែងនូវការសោកស្តាយ និងសូមចូលរួ មរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឹជាការបាត់បង់ឥស្សរជនដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលក្នុងមួយជីវិតរបស់ឯកឧត្តមបានលះបង់គ្រប់បែបយ៉ាង និងបានចូលរួមយ៉ាងសកម្មបំផុតលើវិស័យមនុស្សធម៌ និងវិស័យផ្សេងៗទៀតជាច្រើនក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ។
ព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានបន្តថា ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាអ្នកស្នេហាជាតិដ៏ល្អមួយរូប និងសូមវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ អញ្ជើញទៅកាន់សុគតិភពកុំបីខាន។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនិនាថ សីហនុ, សម្ដេចព្រះមហាក្សត្រី ក៏បានសោក ស្ដាយបំផុតចំពោះដំណឹងនៃមរណភាពរបស់ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន។
សម្ដេចព្រះមហាក្សត្រី បានព្រះលិខិតថា ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំអំពីឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន ដែលជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃប្រុសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។
ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយជាមួយសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព។ ឯកឧ ត្តម អ្នកឧកញ៉ា ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានបម្រើប្រទេសជាតិជាយូរមកហើយ។ មរណភាពនៃឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះម ហាក្សត្រ។
សម្ដេចព្រះមហាក្សត្រី បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាអ្នកស្នេហាជាតិដ៏ល្អប្រសើរមួយរូប អញ្ជើញទៅកាន់សុគតិភពកុំបីខាន។
នៅថ្ងៃនេះដែរ ក្រុមប្រឹក្សាធម្មនុញ្ញ បានផ្ញើសារលិខិតចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សារលិខិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានសរសេរថា តាងនាមសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ យើងខ្ញុំមានសេចក្ដីតក់ស្លុតក្រៀមក្រំដ៏ក្រៃលែង ដោ យទទួលបានដំណឹងថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្មនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។ ការបាត់បង់រូបឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ មិនត្រឹមជាការបាត់បង់បងប្រុ សបង្កើត លោកឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់របស់សម្តេច និងក្រុមគ្រួសារឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នូវឥស្សរ ជនដ៏ល្អមួយរូបរបស់ជាតិ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ បរិច្ចាគកម្លាំងកាយ ចិត្ត និងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ ជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ និងការកសាងប្រទេសជាតិមាតុភូមិឱ្យមានការរីកចម្រើនរុងរឿងដូចបច្ចុប្បន្ន។
ក្នុងឱកាសដ៏ក្រៀមក្រំនេះតាងនាមសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ យើងខ្ញុំសូមចូលរួមមរណទុក្ខជាមួយសម្ដេច និងក្រុមគ្រួសារទាំងមូល និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃនេះបានផ្ញើនូវសារលិខិតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្រោយទទួលដំណឹង ដ៏ក្រៀមក្រំស្ដីពីមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន។
ក្នុងសារលិខិតនោះ សម្តេចមហារដ្ឋសភាធិការធិបតី បានសរសេរថា នាងខ្ញុំពិតជាមានសេចក្តីតក់ស្លុតរន្ធត់ចិត្តក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុ តថា ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។
ស្ថិតក្នុងបរិយាកាសដ៏សែនវិយោគសោកសៅ ប្រកបដោយអនិច្ចលក្ខណធម៌ សោកស្តាយស្រណោះ អាឡោះអាល័យជាពន់ពេកប្រមាណ នាងខ្ញុំសូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀ មក្រំនេះ ដោយសោកសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាមរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេ ត្រីវិសិដ្ឋគឺជាការបាត់បង់បងប្រុសបង្កើត ឪពុកបង្កើត ឪពុកក្មេក ជីតា និងជាជីតាទួតជាទីគោរពស្រលា ញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ដែលកន្លងមកឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ជាកុលបុត្រកម្ពុជាដ៏ឆ្នើមដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយមនសិការជាតិ និ ងគតិបណ្ឌិតឈ្លាសវៃជាមួយនឹងបទពិសោធដ៏ប៉ិនប្រសប់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងដំណើរការស្ថាបនា ស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន និងសម្បូរសប្បាយជានិច្ចនិរន្តរ៍។ ជាងនេះទៅទៀត ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនដោយចិត្តសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុតចូលរួមកសាងសមិទ្ធផលនានាជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសបានជួ យទ្រទ្រង់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យមានការរីកចម្រើនជាភិយ្យោភាព។
ក្នុងវេលាខ្សឹកខ្សួលក្តុកក្តួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ នាងខ្ញុំសូមបួងសួង និងអា រាធនាដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធ ម៌ ព្រះសង្ឃ សូមព្រះអង្គប្រោះព្រំប្រទាន សព្ទសាធុការពរជ័យសិរីរុងរោចន៍ដល់ដួងវិញ្ញាណក្ខន្ធឯកឧ ត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រៅពីបង្ហាញនូវទុក្ខសោកដ៏ក្រៀមក្រំរកទីបំផុតគ្មាន សម្ដេចមហាបវរនាយករដ្ឋមន្ត្រី បានបួងសួងជូនចំពោះដួងវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ក៏បានចេញសារលិខិតចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារសម្ដេ ចតេជោផងដែរ។
សារលិខិតនោះបានសរសេរថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្ដួលបំផុតដោយឯកឧត្តមអ្នកឧក ញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាឥស្សរជនដ៏ឆ្នើមមួយរូបធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សា សនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ វីរភាព ឧត្តមគតិ សេចក្តីក្លាហាន គុណបំណាច់ និងស្នាដៃរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវបានប្រវត្តិសាស្ត្រកម្ពុជាកត់ត្រាទុកជារៀងរហូតតរៀងទៅ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពកុំបីខានឡើយ។
នៅថ្ងៃនេះដែរ ថ្នាក់ដឹកនាំ និងឥស្សរជន រួមទាំងមិត្តបរទេសនានាក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀ មក្រំនេះជាមួយក្រុមគ្រួសារសម្ដេចតេជោ ព្រមទាំងបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធចំពោះសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ផងដែរ។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសចំនួន ៣ ជូនឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន។ គ្រឿងឥស្សរិយយសទាំង ៣ នោះមាន៖ ទី១៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, ទី២៖ សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ និងទី៣៖ សម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវតិ្ថ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍។
ឯកឧត្តម ហ៊ុន សាន ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ៖ គង់ ឌិន








