ក្រសួងហិរញ្ញវត្ថុ នៅថ្ងៃសុក្រ (ទី២៨ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានដំឡើងប្រាក់បៀវត្សរ៍ទ្វេដងដល់ទាហាន និងនគរបាល ដែលជាកិច្ចប្រឹងជាក់ស្តែងមួយ ដើម្បីជួយលើកទឹកចិត្ត ខណៈដែលក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសរ៉្វាន់ដា រុលទៅភាគខាងកើត។
សូមបញ្ជាក់ថា ក្រុម M23 បានដណ្ដើមកាន់កាប់ទីក្រុងធំជាងគេចំនួន ២ នៅភាគខាងកើតកុងហ្គោ អំឡុងការវាយលុកយ៉ាងលឿនរហ័សមួយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំឲ្យមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងបានផ្ដល់សម្ពាធលើប្រធានាធិបតី លោក Felix Tshisekedi។
ក្រសួងហិរញ្ញវត្ថុ បានប្រាប់ថា ការដំឡើងប្រាក់ខែនេះ នឹងក្លាយជា «ចំណុចរបត់មួយឆ្ពោះទៅរកការមានស្ថានភាពល្អប្រសើរ» សម្រាប់កងទ័ព។
មន្ត្រីម្នាក់នៅខេត្ត North Kivu បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានឮអំពីការតម្លើងប្រាក់ខែនេះ ប៉ុន្តែបាននិយាយថា ទាហានមិនបានទទួល សូម្បីតែប្រាក់ខែគោលរបស់ពួកគេ ក្នុងរយៈពេល ២ខែចុងក្រោយនេះ ចាប់តាំងពីធនាគារត្រូវបានបិទ ក្រោយការដួលរលំនៃទីក្រុង Goma។
យោងតាមច្បាប់ថវិកាឆ្នាំ២០២៥ បានបង្ហាញថា កុងហ្គោមានទាហាន និងកងកម្លាំងសន្តិសុខផ្សេងទៀតប្រហែល ២៦០.០០០នាក់។ ឯកសាររដ្ឋាភិបាលបង្ហាញថា ប្រាក់ខែផ្លូវការប្រចាំខែគ្រប់លំដាប់ថ្នាក់ ចាប់ពីឆ្នាំ២០២២ ជាមធ្យមចន្លោះពី ១០០ ទៅ ២០០ដុល្លារ៕