រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយទៅកាន់សភាកាលពីថ្ងៃសុក្រ ថា ខ្លួននឹងកាត់បន្ថយការងារដែលនៅសេសសល់ស្ទើរតែទាំងអស់របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USIAD) ហើយបិទទីភ្នាក់ងារនេះ ទោះបីជាលោក Trump បានសន្យាថាសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយដល់សហភាពមីយ៉ាន់ម៉ា បន្ទាប់ពីការរញ្ជួយដីដ៏មហន្តរាយក៏ដោយ។

អ្នកជំនាញផ្នែកជំនួយមនុស្សធម៌ បានបង្ហាញការព្រួយបារម្ភចំពោះការកាត់បន្ថយថ្មី ដល់ទីភ្នាក់ងារជំនួយមនុស្សធម៌ដែលទទួលរងផលប៉ះពាល់ពីទីក្រុងវ៉ាស៊ីនតោន ខណៈបានជួយសង្គ្រោះជីវិតមនុស្សនៅទូទាំងពិភពលោកអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ ទីភ្នាក់ងារ USAID មានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលជំនួយគ្រោះរញ្ជួយដី។

បុគ្គលិកទីភ្នាក់ងារ USAID និងមន្ត្រីសេវាបរទេសរាប់ពាន់នាក់ ដែលត្រូវបានចាត់តាំងចំពោះទីភ្នាក់ងារនេះ បានដឹងនៅក្នុងអនុស្សរណៈផ្ទៃក្នុងថា មុខតំណែងទាំងអស់ពុំត្រូវបានតម្រូវដោយច្បាប់នឹងត្រូវលុបចោល នៅខែកក្កដា និងខែកញ្ញា។ អនុស្សរណៈដែលបានពិនិត្យដោយសារព័ត៌មានReuters ត្រូវបានផ្ញើទៅបុគ្គលិកដោយលោក Jeremy Lewin ជានាយករងរដ្ឋបាលស្តីទីរបស់ទីភ្នាក់ងារ និងជាសមាជិកក្រសួងកាត់បន្ថយការងាររបស់មហាសេដ្ឋី លោក Elon Musk ។
ការជូនដំណឹងចុងក្រោយ បានធ្វើឡើងនៅថ្ងៃដែលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសថៃ និងសហភាពមីយ៉ាន់ម៉ា ដោយបានបំផ្លាញអគារ និងបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់។
ទីភ្នាក់ងារ USAID បានដើរតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។