អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងវាយប្រហារគ្រប់ទីកន្លែងនៅក្នុងប្រទេសលីបង់ ដែលខ្លួនបានមើលឃើញពីការគំរាមកំហែង ក្រោយការបាញ់រ៉ូកែត ដែលបានជំរុញឱ្យខ្លួនទម្លាក់គ្រាប់បែកនៅទីក្រុងបេរូតជាលើកដំបូងក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល៤ខែដ៏ផុយស្រួយ ជាមួយក្រុមហេសបូឡា។

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានពណ៌នាការវាយប្រហារលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុង Beirut ថាជា «ការរីកធំជម្លោះដ៏គ្រោះថ្នាក់» ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាត់ទុកថាជាការរំលោភបទឈប់បាញ់ថា «មិនអាចទទួលយកបាន»។

ក្រសួងសុខាភិបាល បានរាយការណ៍ថា គ្មានអ្នកស្លាប់និងរងរបួសពីការវាយប្រហារនៅទីក្រុងបេរូតទេ ប៉ុន្តែបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងបានសម្លាប់មនុស្ស ៥ នាក់។
វាជាលើកទីពីរហើយ ដែលគ្រាប់រ៉ូកែត ត្រូវបានបាញ់ទៅលើប្រទេសអ៊ីស្រាអែលពីប្រទេសលីបង់ ចាប់តាំងពីបទឈប់បាញ់កាលពីខែវិច្ឆិកា ដែលលើកទីមួយគឺកាលពីថ្ងៃសៅរ៍មុន ហើយលើកទីពីរនេះក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបដិសេធការជាប់ពាក់ព័ន្ធ។
លោកនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងនឹងបន្តអនុវត្តបទឈប់បាញ់ដោយប្រើកម្លាំង វាយប្រហារគ្រប់ទីកន្លែងក្នុងប្រទេសលីបង់ ប្រឆាំងការគំរាមកំហែងណាមួយចំពោះរដ្ឋអ៊ីស្រាអែល»។