ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រថា ពង្រាងថ្មីកិច្ចព្រមព្រៀងរ៉ែ ដែលស្នើឡើងដោយសហរដ្ឋអាមេរិកគឺ «ខុសគ្នាទាំងស្រុង» ពីក្របខ័ណ្ឌមុន ហើយត្រូវការការវាយតម្លៃបន្ថែមដោយក្រុមមេធាវី។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Kyiv លោក Zelenskiy បាននិយាយថា អ៊ុយក្រែននឹងមិនទទួលយកកិច្ចព្រមព្រៀងដែលគំរាមដល់ការធ្វើសមាហរណកម្មរបស់ខ្លួន ជាមួយសហភាពអឺរ៉ុប នោះទេ។

ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែននឹងមិនទទួលស្គាល់ជំនួយយោធាអាមេរិកដែលត្រូវបានអនុម័តកាលពីពេលមុនជាប្រាក់កម្ចីដែលត្រូវការសងវិញនោះទេ ខណៈលោកបានបញ្ជាក់ថា ទីក្រុង Kyiv បានទទួលពង្រាងថ្មីកិច្ចព្រមព្រៀងរ៉ែ ពីសហរដ្ឋអាមេរិក។
លោក Zelenskiy និយាយផងដែរថា អ៊ុយក្រែននឹងត្រៀមខ្លួនដើម្បីចូលរួមក្នុងការចរចាជាមួយតំណាងណាមួយពីភាគីរុស្ស៊ី ក្រៅពីប្រធានាធិបតី លោក Vladimir Putin ។