ភ្នំពេញ៖ លោក កឹម សុខា មេដឹកនាំបក្សប្រឆាំងដែលត្រូវរំលាយទៅហើយនោះ អះអាងនៅថ្ងៃនេះថា លោកបានបង្ហាញជំហររបស់លោកកាលពីប៉ុន្មានថ្ងៃមុនដោយគ្មាននរណាបង្ខិតបង្ខំ ឬគំរាមកំហែងនោះឡើយ។
លោក កឹម សុខា បានសរសេរបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី០១ ខែធ្នូនេះ ដែលជាប្រតិកម្មតបទៅនឹងលោក សម រង្ស៊ី ដែលលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក កឹម សុខា ទទួលរងការគំរាមកំហែងពីសម្ដេចតេជោ ហ៊ុន សែន។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងមកថ្មីៗនេះ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក សម រង្ស៊ី និងសហការីរបស់គាត់នៅឯក្រៅប្រទេស បានយកឈ្មោះ និងរូបថតរបស់លោក កឹម សុខា ទៅប្រើប្រាស់នៅក្នុងសកម្មភាពនានាដោយពុំមានការអនុញ្ញាតនោះឡើយ។
លោក កឹម សុខា ក៏បានអំពាវនាវទៅលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រលោក ឱ្យបញ្ឈប់ការប្រើឈ្មោះ និងរូបថតរបស់លោក ដើម្បីបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ខណៈដែលលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រលោក បានវិលត្រឡប់ទៅគាំទ្រគណបក្សភ្លើងទៀនឡើងវិញនោះ។
លោក កឹម សុខា សរសេរថា៖ «ទង្វើរបស់ពួកគេសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ»។
ផ្ទុយទៅវិញ លោក សម រង្ស៊ី បែរជាចាត់ទុកការលើកឡើងរបស់លោក កឹម សុខា ថា ធ្វើឡើងដោយមានការបង្ខិតបង្ខំ ឬការគំរាមកំហែងពីសម្ដេចតេជោ ហ៊ុន សែន។
ចំណែកឯកូនស្រីបង្កើតរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា វិញ បានបញ្ជាក់ថា ឪពុករបស់នាងមានសិទ្ធិបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន និងបញ្ជាក់ទៅលោក សម រង្ស៊ី ផងដែរ។
កញ្ញា កឹម មនោវិទ្យា បានចាត់ទុកសកម្មភាពរបស់លោក សម រង្ស៊ី ថាជាការកេងចំណេញខាងនយោបាយទៅលើឪពុករបស់នាង ហើយថា សម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា បានចប់ទៅហើយ។
នៅមុនគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅចុងឆ្នាំ២០១៧ លោក កឹម សុខា គឺជាប្រធានគណបក្សប្រឆាំងមួយនេះ ប៉ុន្តែ លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រលោក បានបង្កើនចលនានៅឯក្រៅប្រទេស ហើយបានតែងតាំងខ្លួនឯងជាប្រធានស្ដីទីគណបក្សនេះថែមទៀតផងអំឡុងពេលលោក កឹម សុខា ត្រូវបានចាប់ខ្លួនដាក់ឃុំក្រោមការចោទប្រកាន់ពីបទ«ក្បត់ជាតិ»៕
