ក្រុមអ្នកតំណាងមកពីអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលកំពុងប្រតិបត្តិការនៅក្នុងសហភាពមីយ៉ាន់ម៉ា បានអត្ថាធិប្បាយនៅថ្ងៃសៅរ៍ ២៩ មីនា អំពីស្ថានភាព "អស់សង្ឃឹម" ក្នុងប្រទេសនេះ បន្ទាប់ពីរងការវាយប្រហារដោយការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រកាលពីមួយថ្ងៃមុន។

រដ្ឋាភិបាលយោធាបាននិយាយនៅថ្ងៃសៅរ៍នេះថាអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានចំនួន១.០០២នាក់ ដែលកើនឡើងយ៉ាងខ្លាំងពីរបាយការណ៍ដំបូងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលមានអ្នកស្លាប់ចំនួន១៤៤ នាក់កាលពីថ្ងៃសុក្រ២៩មីនា ។

នាយកផ្នែកប្រជាជន វប្បធម៌ និងរដ្ឋបាលនៅអង្គការ Plan International Myanmar លោកស្រី Su Mon Htay បានប្រាប់សារព័ត៌មាន Reuters ពីទីក្រុងយ៉ាំងហ្គោនថា មនុស្សគ្រាន់តែអស់សង្ឃឹម ដោយសារតែមានការបំផ្លិចបំផ្លាញ ហើយនៅពេលលោកស្រីបានមើលឃើញការខូចខាត ស្ពាន និងផ្លូវថ្នល់ វាពិតជាធំធេងណាស់។
ប្រធានផ្នែកតស៊ូមតិ និងទំនាក់ទំនងប្រចាំតំបន់នៃមូលនិធិកុមារអង្គការសហប្រជាជាតិ លោកស្រី Eliane Luthi បាននិយាយថា ក្រុមការងាររបស់ពួកគេនៅអឺរ៉ុបកំពុងវេចខ្ចប់ការផ្គត់ផ្គង់ រួមទាំងតង់ ដើម្បីនាំយកទៅកាន់សហភាពមីយ៉ាន់ម៉ា។លោកស្រី Luthi បាននិយាយថា សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យ ក៏អាចនឹងរងការខូចខាតដែរ។ដូច្នេះទិដ្ឋភាពទាំងអស់នោះ ពិតជា បង្ហាញឲ្យឃើញពីរូបភាពមិនល្អ៕