ការវាយប្រហារតាមអាកាសដែលគេសង្ស័យថាជារបស់អាមេរិក បានវាយលុកប្រទេសយេម៉ែនទាំងយប់ឈានចូលថ្ងៃសៅរ៍ ដែលត្រូវបានរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ខណៈយោធាអាមេរិកបានទទួលស្គាល់មុននេះ ថាបានទម្លាក់គ្រាប់បែកលើទីតាំងយោធាដ៏សំខាន់មួយនៅកណ្តាលទីក្រុងសាណា (Sanaa) ដែលគ្រប់គ្រងដោយពួកឧទ្ទាម ហ៊ួទី (Houthi)។

វិសាលភាពការខូចខាត និងការបំផ្លិចបំផ្លាញដែលអាចកើតមាន នៅមិនទាន់ច្បាស់នៅឡើយទេ។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសមួយកាលពីយប់ថ្ងៃសុក្រ ដែលទំនងជាមានសភាពធ្ងន់ធ្ងរជាង បើប្រៀបធៀបទៅនឹងថ្ងៃផ្សេងទៀតនៅក្នុងយុទ្ធនាការដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែមីនា។

ការពិនិត្យឡើងវិញរបស់សារព័ត៌មាន AP បានរកឃើញថា ប្រតិបត្តិការថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ទំនងជាមានវិសាលភាពកាន់តែធំជាងប្រតិបត្តិការក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Joe Biden ខណៈសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលដៅងាកទៅរកការបាញ់ប្រហារមេដឹកនាំសំខាន់ៗ ព្រមទាំងការទម្លាក់គ្រាប់បែកស្រោចលើទីក្រុងនានា ក្នុងប្រទេសយេម៉ែន៕
