មហាសេដ្ឋីបច្ចេកវិទ្យា និងជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពអាមេរិក DOGE លោក Elon Musk បាននិយាយថា ការចូលរួមរបស់លោកនៅក្នុងរដ្ឋាភិបាល គឺជាគុណវិបត្តិសម្រាប់ក្រុមហ៊ុនរបស់លោក។

លោកបានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយនៅសប្ដាហ៍នេះថា ក្រុមហ៊ុនរបស់លោកកំពុងរងផលប៉ះពាល់ដោយសារតែលោកនៅក្នុងរដ្ឋាភិបាលជាមួយរដ្ឋបាលលោក Trump ដោយចង្អុលទៅកាន់ការវាយប្រហារថ្មីៗ ប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក។

តួនាទីរបស់លោក Musk ក្នុងការកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធ និងថវិការបស់ទីភ្នាក់ងាររដ្ឋាភិបាល បានទាក់ទាញការរិះគន់ផ្នែកនយោបាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយរថយន្ត Tesla និងអ្នកចែកចាយ កំពុងប្រឈមការបំផ្លិចបំផ្លាញ និងបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក។
លោក Musk ក៏បាននិយាយផងដែរថា កង្វល់ដ៏ធំបំផុតរបស់លោក គឺអត្រាកំណើតទាបនៅទូទាំងពិភពលោក និងកម្លាំងរបស់សហរដ្ឋអាមេរិក៕