សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយថា ខ្លួនទទួលស្គាល់ "តម្រូវការបន្ទាន់" សម្រាប់ជំនួយមនុស្សធម៌ និងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ដែលរងគ្រោះដោយរញ្ជួយដី។

បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះ ថា ប្លុកក្នុងតំបន់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនក្រុមឆ្លើយតប និងវាយតម្លៃគ្រាអាសន្នរបស់អាស៊ាន ដោយប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងផ្តល់ការគាំទ្រការស្វែងរក និងជួយសង្គ្រោះ។

ក្រុមរដ្ឋមន្ត្រីខាងលើបាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងផ្អែកលើអាទិភាព ដែលកំណត់ដោយមីយ៉ាន់ម៉ា និងថៃ។
សារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ាបាននិយាយថា មនុស្ស១.០០២នាក់ ត្រូវបានគេដឹងថាបានស្លាប់ក្នុងការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រកាលពីថ្ងៃសុក្រ ខណៈមនុស្ស២.៣៧៦នាក់បានរងរបួស។ ការស្លាប់ប្រហែល១០នាក់ទៀតត្រូវបានគេបញ្ជាក់ថានៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលអគារកម្ពស់៣០ជាន់ កំពុងសាងសង់បានបាក់រលំ៕