រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់ដាក់គ្នាកាលពីថ្ងៃសុក្រ ដោយម្នាក់ៗបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ។

ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងទ័ពអ៊ុយក្រែនបានបាញ់គ្រាប់រ៉ូកែត HIMARS ទៅលើទីតាំងវាស់ស្ទង់ឧស្ម័នដ៏សំខាន់មួយនៅជិតទីប្រជុំជន Sudzha ក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃសុក្រ ដែលបានបង្កជាអគ្គិភ័យដ៏សន្ធោសន្ធៅ និងស្ទើរតែបំផ្លាញកន្លែងផលិត។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានបញ្ជាក់ថា មានហេតុផលដែលជឿថា ការវាយប្រហាររបស់អ៊ុយក្រែនលើស្ថានីយវាស់ស្ទង់ឧស្ម័ន Sudzha ត្រូវបានធ្វើឡើង ដោយមានជំនួយពីប្រព័ន្ធផ្កាយរណបរបស់បារាំង ខណៈក្រុមអ្នកឯកទេសអង់គ្លេសចូលរួមសម្របសម្រួល និងចុចប៊ូតុងបាញ់បង្ហោះ។

លោកស្រីបានបន្ថែមថា ការវាយប្រហារនេះបញ្ជាក់ថា ភាគីអ៊ុយក្រែនមិនមានចេតនាស្វែងរកសន្តិភាពទេ ប៉ុន្តែនៅតែប្តេជ្ញាចិត្តធ្វើឱ្យជម្លោះកាន់តែខ្លាំងឡើង។ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ថា ប្រតិបត្តិការយោធាអ៊ុយក្រែន បានកំណត់គោលដៅទាំងស្រុងលើទីតាំងយោធារុស្ស៊ី ហើយមិនបានរំលោភលើបទឈប់បាញ់ថាមពលបណ្តោះអាសន្ននោះទេ៕