ភ្នំពេញ៖ សម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា មានប្រសានស៍បញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះថា ក្រោយពិនិត្យសុខភាពនៅថ្ងៃនេះ សម្ដេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងត្រឡប់មកកម្ពុជានៅថ្ងៃទី៣០ ខែមីនាស្អែកនេះ ហើយករណីសុខភាពគាត់គ្មានបញ្ហាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញចូលដុតធូបជូនបងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលគាត់ត្រឡប់ពីសាំហ្គាពួព្រឹកស្អែកនេះ។
សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ តែគាត់ទៅរុំកទាំងមូលរយៈពេល៦សប្តាហ៍។ ដូចនេះច្បាស់ណាស់ថា គាត់មិនអាចចូលរួមបុណ្យសពបងទី១ បានឡើយតែគាត់អាចចូលមកដុតធូបជូនបងប្រុសនៅពេលគាត់ត្រឡប់ពីសាំហ្គាពួនៅព្រឹកស្អែក៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងករណីសុខភាពគាត់គ្មានបញ្ហា។
សម្ដេចតេជោ បានមានប្រសាសន៍ថា (ទូកទៅកំពង់នៅ) បងប្រុសខ្ញុំចែកឋានទៅ គាត់រួចផុតទុក្ខហើយ នៅឡើយតែខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាង ព្រោះបងថ្លៃរបស់ខ្ញុំបានចែកឋានតាំងពីឆ្នាំ២០១៣ គឺ១២ឆ្នាំមុនមកម្ល៉េះ។ ទោះជាគាត់មានកូន មានចៅដែលចេះ ទទួលខុសត្រូវខ្លួនឯង តែខ្ញុំនៅតែជាមេគ្រួសារមួយនេះដដែល និយាយមួយបែបខ្ញុំជាមេគ្រួសារនៃត្រកូលហ៊ុន។
សម្ដចតេជោបានថ្លែងបញ្ជាក់ថា កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើតក្មួយប្រសារទាំងប្រុសស្រីស្លៀកពាក់កាន់ទុក្ខទាំងអស់ រាប់ទាំងក្មួយដែលជានាយករដ្ឋមន្ត្រីផងដែរ។ ដោយសារបងថ្លៃខ្ញុំបានទទួលមរណភាពកាលពី ឆ្នាំ២០១៣ បានបូជាយកអដ្ឋិធាតុទៅរក្សាទុក នៅវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដោយសារចេតិយសម្រាប់បងប្រុសធ្វើនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចនេះត្រូវយកអដ្ឋិធាតុបងថ្លៃពីកំពង់ស្ពឺមករក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី១ ខែមេសាដើម្បីបញ្ចុះជាមួយបងប្រុសនៅក្នុងចេតិយតែមួយនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ បន្ទាប់ពីបញ្ចុះសពរួចនឹងធ្វើបុណ្យ៧ថ្ងៃ បន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឲ្យឆ្លងឆ្នាំ ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី២ ខែមេសា និងបញ្ចប់នៅព្រឹកថ្ងៃទី៣ ខែមេសា។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ល្ងាចថ្ងៃទី៣ ខែមេសា ខ្ញុំនឹងធ្វើជាអ្នកបែងចែកទ្រព្យសម្បត្តិ ដើម្បីបញ្ចៀសនូវជម្លោះណាមួយរវាងបងប្អូនទាំង ៥ នាក់ ដែលជាកូនរបស់គាត់។ បងប្រុសរបស់ខ្ញុំគ្មានទ្រព្យសម្បត្តិដើម្បីចែកឲ្យកូនគ្រប់ៗគ្នានោះទេ។ គាត់មានដី និងផ្ទះដែលកំពុងស្នាក់នៅ និងធ្វើបុណ្យសព ដែលមានផ្ទៃក្រឡា ១.២០០ ម៉ែត្រការ៉េ និងផ្ទះឈើ១ខ្នង លើដីជាង ៤.០០០ម៉ែត្រការ៉េ នៅអរិយក្សត្រ។ស្ថានភាពបែបនេះប្រហែលជាតម្រូវឲ្យខ្ញុំដែលជាមេចំណែកត្រូវចំណាយបន្ថែម ដើម្បីឲ្យក្មួយៗទទួលបានគ្រប់ៗគ្នា៕









