ស្ទឹងត្រែង៖ សិស្សនិស្សិតជំនាញវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានបណ្ដាលបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) បានចុះធ្វើកម្មសិក្សានៅស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីស្វែងរកចំណេះដឹងបន្ថែម លើការអនុវត្តដោយផ្ទាល់នៃវិស័យអគ្គិសនី បន្ទាប់ពីបានសិក្សានូវទ្រឹះស្ដី ។
ក្នុងឱកាសចុះកម្មសិក្សាសិស្សនិស្សិត លើកឡើងថា ការចុះមកដល់កន្លែងផលិតនូវអគ្គិសនីនេះ គឺពិតជាបានបំពេញបន្ថែម នូវចំណេះដឹងរបស់ពួកគេ និងកាន់តែច្បាស់មួយកម្រិតទៀត បន្ទាប់ពីរៀនទ្រឹះស្ដីអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងសាលារៀន ហើយក៏បានទទួលនូវបទពិសោធន៍ថ្មីៗពីអ្នកជំនាញ ដែលបានធ្វើបទបង្ហាញ ។
ជាមួយនេះ ពួកគេក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថាន ដែលបានរៀបចំឲ្យមានកម្មសិក្សានេះ ហើយអរគុណដល់ម្ចាស់វារីអគ្គិសនីសេសានក្រោម២ បានអនុញ្ញាតឲ្យពួកគេបាទៅស្វែងសល់បន្ថែម ពាក់ព័ន្ធនឹងជំនាញរបស់ពួកគេ ។
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ជាទំនប់មួយដែលសាងសង់នៅក្នុងទន្លេសេសាន ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានចម្ងាយ ១,៥គីឡូ ពីចំណុចជួបគ្នានឹងទន្លេមេគង្គ ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនសកម្ពុជា ។ វារីអគ្គិសនីនេះ មានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ក្រោមការវិនិយោគរួមគ្នាដោយក្រុមហ៊ុនចំនួនបី ក្នុងទំហំទឹកប្រាក់ ៨០០លានដុល្លារ ហើយក៏ជាវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជា មានសមត្ថភាពផលិតស្មើនឹង ២០ភាគរយ នៃសមត្ថភាពផលិតសរុបស្រុក ។
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់កម្ពុជា ហើយបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល។ គម្រោងនេះ គឺត្រូវបានសាងសង់ឡើងក្រោមទម្រង់ “សាងសង់រួច-ដំណើរការ-និងផ្ទេរមករាជរដ្ឋាភិបាល” សម្រាប់រយៈពេលសម្បទានរហូត ៤៥ឆ្នាំ ៕
អត្ថបទ បាន សុខរិទ្ធិ


