អ្នកស្រុកបាននាំគ្នាប្រញាប់ប្រញាល់ស្វែងរកទាំងអស់សង្ឃឹមតាមអគារដែលបានបាក់រលំ នៅថ្ងៃអាទិត្យ (ទី៣០ ខែមីនា) ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែលរលករញ្ជួយ ឬរញ្ជួយដីតូចៗ បានកើតមាននៅទីក្រុង Mandalay ដែលត្រូវបានបំផ្លិចបំផ្លាញ ពោលគឺ ២ថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំ បានសម្លាប់មនុស្សជាង ១.៦០០នាក់ នៅសហភាពមីយ៉ាន់ម៉ា និងយ៉ាងហោចណាស់ ១១នាក់ នៅប្រទេសជិតខាងថៃ។
ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រដំបូង បានវាយប្រហារនៅជិតទីក្រុង Mandalay ភាគកណ្តាលមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃសុក្រ ហើយប៉ុន្មាននាទីក្រោយមកតាមមកដោយរលករញ្ជួយកម្រិត ៦,៧រ៉ិចទ័រ។ ហេតុការណ៍ធម្មជាតិនេះ បានរំលំអគារ បណ្ដាលឲ្យស្ពានបាក់ និងផ្លូវដែលរងការបំផ្លិចបំផ្លាញយ៉ាងច្រើន នៅក្នុងទីក្រុងដែលមានមនុស្សជាង ១,៧លាននាក់។
រថយន្តពន្លត់អគ្គិភ័យ បានប្រមូលផ្តុំនៅស្ថានីយពន្លត់អគ្គិភ័យដ៏សំខាន់មួយ ក្នុងទីក្រុង Mandalay ដើម្បីបញ្ជូនទៅកាន់កន្លែងនានា ជុំវិញទីក្រុង។
របបយោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ១.៦៤៤នាក់ បានបាត់បង់ជីវិត និងជាង ៣.៤០០នាក់ បានរងរបួស នៅក្នុងប្រទេស ហើយយ៉ាងហោចណាស់ ១៣៩នាក់ទៀត កំពុងបាត់ខ្លួន។
ប៉ុន្តែជាមួយនឹងការទាក់ទងរកសាច់ញាតិដែលមិនមានសង្ឃឹម ទំហំពិតនៃគ្រោះមហន្តរាយ នៅតែមិនទាន់មានភាពច្បាស់លាស់ នៅក្នុងរដ្ឋគ្រប់គ្រងដោយយោធាដ៏ឯកោ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់។
ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing បានចេញសេចក្តីអំពាវនាវដ៏កម្រមួយ ដើម្បីសុំជំនួយអន្តរជាតិកាលពីថ្ងៃសុក្រ ដោយបង្ហាញពីភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយនេះ។ រដ្ឋាភិបាលយោធាមុនៗ បានគេចពីការជំនួយបរទេស បើទោះបីជាបន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិធំៗក៏ដោយ៕




