ក្រុមយុទ្ធជនប្រឆាំងរដ្ឋប្រហារ នៅសហភាពមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ២សប្តាហ៍ ខណៈដែលយោធា នៅថ្ងៃអាទិត្យ (ទី៣០ មីនា) បានចាប់ផ្តើមជួយសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ និងការងារសង្គ្រោះផ្សេងទៀត បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយ បានវាយប្រហារប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។
រដ្ឋាភិបាលស្រមោល គឺរដ្ឋាភិបាលរួបរួមជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារប្រជាជន (PDF) នឹង «ផ្អាករយៈពេល ២សប្តាហ៍ នូវប្រតិបត្តិការយោធាវាយលុក លើកលែងតែវិធានការការពារ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥»។
បើយោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅលើបណ្ដាញសង្គម បានឲ្យដឹងថា រដ្ឋាភិបាលដែលកំពុងនិរទេសខ្លួន បានប្រាប់ថា ខ្លួននឹង «សហការជាមួយអង្គការសហប្រជាជាតិ (UN) និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីធានាសន្តិសុខ ការដឹកជញ្ជូន និងការបង្កើតនូវជំរុំសង្គ្រោះបណ្តោះអាសន្ន និងជំរំពេទ្យ» នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារភាគពាយព្យនៃទីក្រុង Sagaing ភាគកណ្តាលនៃសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ហើយក៏បានប៉ះពាល់ដល់ប្រទេសថៃផងដែរ។ របបយោធាបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១.៦៤៤នាក់ បានបាត់បង់បង់ជីវិត នៅមីយ៉ាន់ម៉ា ខណៈដែលប្រមាណជា ១០នាក់ផ្សេងទៀត បានស្លាប់ នៅក្នុងទីក្រុងបាងកក ដោយសាររញ្ជួយដីនេះ។
គ្រោះធម្មជាតិនេះ កាន់តែបន្ថែមបញ្ហាប្រឈមធ្ងន់ធ្ងរដល់របបយោធាមីយ៉ាន់ម៉ា ដែលបាននិងកំពុងប្រយុទ្ធនឹងសង្រ្គាមស៊ីវិល នៅសមរភូមិជាច្រើន ចាប់តាំងពីខ្លួនបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi (អ៊ុង សាន សូជី) ក្នុងខែកុម្ភៈ ឆ្នាំ២០២១៕