ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ មានក្ដីក្ដុលក្ដួលបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបថត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺក្រោយពីត្រលប់ពីព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីដល់ទឹកដីកម្ពុជាវិញភ្លាម នៅព្រឹកនេះ សម្តេចកិត្តិព្រឹទ្ធបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព បងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាមួយនឹងក្ដីក្ដុកក្ដួល និងមានតែទឹកភ្នែកជូនដំណើរបងប្រុស។
សម្ដេចតេជោ បានសរសេរថា មានតែទឹកភ្នែកជូនដំណើរបង។ ប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាង សម្រាប់បងប្រុសតែអកុសលពេលបង ប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់ដែលមិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសថែមទាំងមិនបានចូលរួមបុណ្យសពក្រៅតែពីដុតធូបគោរពលាបងប្រុសប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ក្រោយត្រលប់ពីព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីដល់ទឹកដីកម្ពុជាវិញភ្លាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព បងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភ្លាម។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង៕















