ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បាននាំគ្នាតវ៉ាពេញផ្លូវនានា ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ (ទី២៩ ខែមីនា) ដោយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សា និងធានាឲ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ដែលកំពុងស្ថិតក្រោមការឃុំខ្លួនដោយក្រុមហាម៉ាស។
ការតវ៉ានេះកើតឡើងបន្ទាប់ពីមានការកើនឡើងនូវបាតុកម្មពេញ ១សប្តាហ៍ នៅទូទាំងប្រទេស និងការមិនពេញចិត្តកាន់តែច្រើនឡើង ចំពោះគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជុំវិញការបន្តទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សា និងបន្ទាប់ពីមានវិធានការទៅលើមន្ត្រីដែលត្រូវបានចាត់ទុកថា ជាអរិភាពចំពោះរដ្ឋាភិបាល។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្ដើមធ្វើសង្រ្គាមឡើងវិញ ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីស្ងប់ស្ងាត់រយៈពេល ២ខែ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលឃើញមានការវិលត្រលប់មកវិញនូវចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៣៣រូប ទាំងនៅរស់ និងស្លាប់។ ចំណាប់ថ្នូរ ៥៩នាក់ នៅតែត្រូវឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ដោយ ២៤នាក់ត្រូវគេជឿថា នៅមានជីវិត។
ចាប់តាំងពីពេលនោះមក ការតវ៉ាប្រចាំថ្ងៃ ទាំងនៅទីក្រុង Tel Aviv និង Jerusalem បានប្រែក្លាយទៅជាការខឹងសម្បាកាន់តែខ្លាំងឡើងៗ ហើយលាយឡំជាមួយការអំពាវនាវឲ្យនាំចំណាប់ថ្នូរមកវិញ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់សង្គ្រាម និងការពារស្ថាប័នប្រជាធិបតេយ្យ៕