ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានបើកកិច្ចសន្ទនាសេដ្ឋកិច្ចជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំ នៅថ្ងៃអាទិត្យ (ទី៣០ ខែមីនា) នេះ ដោយស្វែងរកការសម្របសម្រួលផ្នែកពាណិជ្ជកម្មក្នុងតំបន់ ខណៈដែលមហាអំណាចនាំចេញទាំង ៣ នៅអាស៊ី ត្រៀមខ្លួនទប់ទល់នឹងវិធានការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
បើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះ បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសទាំង ៣ បានព្រមព្រៀង «សហការយ៉ាងជិតស្និទ្ធ ដើម្បីឲ្យមានកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ និងកម្រិតខ្ពស់» ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង-ជប៉ុន-ចិន ក្នុងគោលបំណងលើកកម្ពស់ «ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Ahn Duk-geun បានលើកឡើងថា៖ «វាគឺរឿងចាំបាច់ណាស់ ក្នុងការពង្រឹងការអនុវត្ត RCEP (ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់) ដែលប្រទេសទាំង ៣ បានចូលរួម និងក្នុងការបង្កើតក្របខ័ណ្ឌ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសទាំង ៣ តាមរយៈការចរចា FTA (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី) កូរ៉េ-ចិន-ជប៉ុន»។
រដ្ឋមន្ត្រីនៃប្រទេសទាំង ៣ បានជួបប្រជុំគ្នា នៅមុនការប្រកាសរបស់លោក Trump កាលពីថ្ងៃពុធ (ទី២៦ ខែមីនា) អំពីការដំឡើងពន្ធបន្ថែម ជាអ្វីដែលលោកហៅថា ជា «ថ្ងៃរំដោះ» ខណៈដែលរូបលោកបង្កការរំខានដល់ដៃគូពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។
លោក Trump បានប្រកាសពន្ធនាំចូល ២៥ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត កាលពីសប្តាហ៍មុន ជាការផ្លាស់ប្តូរមួយដែលអាចប៉ះពាល់ដល់ក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុនផលិតរថយន្ត នៅតំបន់អាស៊ី ដែលស្ថិតក្នុងចំណោមក្រុមហ៊ុននាំចេញរថយន្តធំជាងគេបំផុតទៅកាន់សហរដ្ឋអាមេរិក៕