រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃអាទិត្យ (ទី៣០ ខែមីនា) បាននិយាយថា សហរដ្ឋអាមេរិក នឹងធានាឲ្យមាននូវ «ការការពារដ៏រឹងមាំ ត្រៀមខ្លួនជាស្រេច និងអាចជឿទុកចិត្តបាន» នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមទាំងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ ដោយលោកបានហៅសកម្មភាពរបស់ប្រទេសចិនថា ជា «ការសម្លុតកំហែង»។
នៅឯប្រទេសជប៉ុន បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយសមភាគីរបស់លោក គឺលោក Gen Nakatani លោក Hegseth បាននិយាយថា៖ «សហរដ្ឋអាមេរិកប្តេជ្ញារក្សាការការពារដ៏រឹងមាំ ត្រៀមខ្លួនជាស្រេច និងគួរឲ្យទុកចិត្តបាន នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមទាំងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ។
លោកបានបន្ថែមថា៖ «ប្រទេសជប៉ុននឹងមានជាប់ពាក់ព័ន្ធជាមួយឧប្បត្តិហេតុជាយថាហេតុណាមួយ ដែលយើងអាចត្រូវប្រឈមមុខដោះស្រាយ នៅប៉ាស៊ីហ្វិកខាងលិច ហើយយើងឈរជាមួយគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមក»។
លោក Hegseth បានប្រាប់អ្នកសារព័ត៌មានថា៖ «នោះហើយជាមូលហេតុដែលថ្ងៃនេះលោករដ្ឋមន្ត្រី Nakatani និងខ្ញុំបាននិយាយអំពីបរិយាកាសសន្តិសុខធ្ងន់ធ្ងរ និងបន្ទាន់ នៅជុំវិញប្រទេសជប៉ុន ហើយយើងបានពិភាក្សាអំពីអ្វីដែលយើងនឹងឆ្លយតប» ។
ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅជុំវិញកោះតៃវ៉ាន់ ក្នុងនោះរួមទាំងសកម្មភាពតាមផ្លូវអាកាសស្ទើរតែរាល់ថ្ងៃផងដែរ ហើយទីក្រុងប៉េកាំងមិនបានបដិសេធមិនប្រើកម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ខណៈដែលអះអាងថា កោះស្វ័យគ្រប់គ្រងមួយនេះ គឺជាផ្នែកនៃដែនដីរបស់ខ្លួន។
លោក Hegseth បានសង្កត់ធ្ងន់ថា៖ «សហរដ្ឋអាមេរិក និងជប៉ុន ឈរជាមួយគ្នាយ៉ាងរឹងមាំ នៅចំពោះមុខសកម្មភាពសម្លុតកំហែងរបស់ចិន»៕