មន្ត្រីក្នុងតំបន់ និងយោធាអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារត្រូវមន្ទីរពេទ្យយោធា មជ្ឈមណ្ឌលផ្សារទំនើប ប្លុកផ្ទះល្វែង និងគោលដៅផ្សេងទៀត នៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងធំទី ២ របស់ប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃសៅរ៍ (ទី២៩ ខែមីនា) ដោយបានសម្លាប់មនុស្ស ២នាក់ ហើយយ៉ាងហោចណាស់ ២៥នាក់ រងរបួស។
ស្ថាប័នទទួលបន្ទុកស្ថានភាពគ្រាអាសន្នរបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានចេញផ្សាយវីដេអូដែលបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងពន្លត់អណ្ដាតភ្លើង នៅក្នុងផ្ទះសម្បែងដែលត្រូវបានឆាបឆេះ និងដើររុករកតាមគំនរបាក់បែកជាមួយសត្វសុនខ។
យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីទីតាំងនៃវីដេអូនេះបានដោយឯករាជ្យនោះឡើយ។ តែសារព័ត៌មាន Reuters អាចបញ្ជាក់ពីកាលបរិច្ឆេទនៃវីដេអូនេះពីសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអភិបាលក្រុង Kharkiv លោក Ihor Terekhov នៅលើកម្មវិធីផ្ញើសារ Telegram។
លោក Terekhov បានប្រាប់ឲ្យដឹងថា សពជនរងគ្រោះម្នាក់ត្រូវបានទាញចេញពីក្រោមគំនរបាក់បែក។ ហើយជាមួយគ្នានេះ លោកបានសរុបចំនួនអ្នករងរបួសចំនួន ២៧នាក់៕