មនុស្សរាប់ពាន់នាក់បាននាំគ្នាទៅតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ប្រព័ន្ធផ្សព្វផ្សាយមួយ នៅទីក្រុង Belgrade (បែលក្រាដ) ដែលមាននិន្នាការលម្អៀងទៅរដ្ឋាភិបាលរបស់ប្រទេសស៊ែប៊ី កាលពីថ្ងៃសៅរ៍ (ទី២៩ ខែមីនា) ដោយពួកគេលើកឡើងថា ស្ថាប័ននេះកំពុងផ្សព្វផ្សាយព័ត៌មានភូតកុហក អំពីចលនាតវ៉ាដែលដឹកនាំដោយនិស្សិតរបស់ប្រទេសនេះ។
ការតវ៉ានេះបានកើតឡើងយ៉ាងទៀងទាត់ គិតចាប់តាំងពីមនុស្ស ១៦នាក់ បានបាត់បង់ជីវិត នៅពេលដែលដំបូលស្ថានីយ៍រថភ្លើងមួយ បានបាក់ធ្លាក់សងកត់លើ កាលពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំមុន ដែលមនុស្សជាច្រើននិយាយថា មានចំណែករួមពីអំពើពុករលួយដែលរាលដាលកាន់តែខ្លាំងឡើងៗ ក្រោមការដឹកនាំរយៈពេល ១ទសវត្សរ៍របស់ប្រធានាធិបតី លោក Aleksandar Vucic និងគណបក្សកំពុងអំណាចរបស់លោក គឺបក្សស៊ែប៊ីជឿនលឿន (SNS)។
ជាមួយគ្នានេះ អ្នកតវ៉ាក៏បានចោទប្រកាន់លោក Vucic និងបក្ស SNS ថា មានទំនាក់ទំនងជាមួយនឹងបណ្ដាញក្រុមឧក្រិដ្ឋកម្ម ដោយរារាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងប្រព្រឹត្តអំពើហិង្សា ចំពោះគូប្រជែងនយោបាយ។ លោក Vucic និងសម្ព័ន្ធមិត្តរបស់លោកបដិសេធការលើកឡើងនោះ។
ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេសង្ឃឹមថា មនុស្សកាន់តែច្រើននៅក្នុងប្រទេសស៊ែប៊ី នឹងបានឮនូវសាររបស់ពួកគេ និងផ្តល់ការគាំទ្រដល់ពួកគេ។ ដំបូងឡើយគ្រាន់តែជាការតវ៉ាដឹកនាំដោយសិស្សប៉ុណ្ណោះ តែឥឡូវនេះ គ្រូបង្រៀន កសិករ និងក្រុមផ្សេងទៀត បានចូលរួមការតវ៉ានេះដែរ គិតចាប់តាំងពីមានគ្រោះមហន្តរាយនៅទីក្រុង Novi Sad ភាគខាងជើង។
យ៉ាងណាក្ដី ប្រធានសភា និងជាអតីតនាយករដ្ឋមន្ត្រី លោកស្រី Ana Brnabic បាននិយាយការពារប្រព័ន្ធផ្សព្វផ្សាយ Informer នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ដោយលោកស្រីបានលើកឡើងថា «ការដាក់សម្ពាធ និងការគំរាមកំហែង» លើស្ថាប័នសារព័ត៌មាន គឺជាទង្វើមិនអាចទទួលយកបានឡើយ៕

