ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ១៣ទៀតបង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលមានដូចជា អាវរងា ភួយ ក្រមា និងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿន និងទាន់ពេលវេលា ពោលគឺកម្មវិធីនេះ ត្រូវរៀបចំឡើងកុំឲ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ។
ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុននសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនសមាជិកសមាជិកាសមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធររាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយជូនមនុស្សចាស់ ដោយសារតែអាកាសធាតុនឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននាំនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមកចែកជូនបងប្អូនសមាជិកសមាជិកាសមាគមមនុស្សចាស់ នៅក្នុងខណ្ឌដង្កោចំនួន១២០នាក់។
ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឲ្យអាជ្ញាធរខណ្ឌ១៣ផ្សេងទៀតត្រូវបង្កើតកម្មវិធីផ្ដល់អំណោយជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ ខណៈដែលបានកសាងសមាគមមនុស្សចាស់បានទាំង១០៥សង្កាត់ហើយ។
ដូច្នេះអាជ្ញាធរខណ្ឌ សង្កាត់ត្រូវ ចុះពិនិត្យតាមដាន និងសួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសារតែមនុស្សចាស់ ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូនតាខ្មែរក៏បានបន្សល់ទុក ដោយឲ្យយើងត្រូវតែមានកតញ្ញូចំពោះមនុស្សចាស់ផងដែរ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



