ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសផ្តល់ជំនួយចំនួន ១០ ម៉ឺនដុល្លារអាមេរិកដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមដោះស្រាយការលំបាកក្នុងគ្រោះមហន្តរាយរញ្ជួយដីនាពេលនេះ។
ក្នុងវេលាគ្រាលំបាកនៅប្រទេសមីយ៉ាន់ម៉ានេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ក៏បានព្រះប្រទានរាជសារ ជូនមេដឹកនាំ និងប្រជាជន មីយ៉ាន់ម៉ា រំលែកទុក្ខ ចំពោះគ្រោះធម្មជាតិដ៏រន្ធត់ ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួសព្រមទាំងបង្កការខូចខាតជាច្រើនអនេកដល់ប្រជាជាតិនៃប្រទេសជាមិត្តរបស់កម្ពុជា។
ជាមួយគ្នានេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងតំណាងប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានផ្ញើសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ចំពោះសោកនាដកម្មគ្រោះធម្មជាតិរញ្ជួយដីដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបាត់បង់អាយុជីវិត និងការរងរបួសមនុស្ស នៅតំបន់ម៉ាន់ដាឡេ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះផងដែរ។
ជាមួយគ្នានេះ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិសេសបន្ទាន់ រដ្ឋមន្ត្រីការបរទេសអាស៊ាន ចំពោះមុខគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូផងដែរ។
នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តាមប្រព័ន្ធវីដេអូ ឯកឧត្តមបានថ្លែងអំណរគុណឯកឧត្តម Hasan រដ្ឋមន្ត្រីការបរទេសរបស់ម៉ាឡេស៊ី សម្រាប់គំនិត ផ្តួចផ្តើមក្នុងការកោះប្រជុំរដ្ឋមន្ត្រីការរបរទេសអាស៊ានទាំងអស់នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីជំនួយ ដែល ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន អាចជួយផ្តល់មីយ៉ាន់ម៉ា និងថៃ បន្ទាប់ពីគ្រោះ រញ្ជួយដីកាលពីថ្ងៃសុក្រ។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាស៊ានដើម្បី សម្របសម្រួលជំនួយមនុស្សធម៌ (ASEAN Coordinating Centre for Humanitarian Assistance-AHA Center) ដែលបានផ្តល់ព័ត៌មានសង្ខេបអំពីស្ថានភាពនៅទីកន្លែងរងគ្រោះផ្ទាល់ ដែលបង្ហាញពីវិសាលភាពនៃការបំផ្លិចបំផ្លាញ និងសកម្មភាពនានាដែលបានអនុវត្តឡើងដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។
ឯកឧត្តមបញ្ជាក់ថា ដោយឡែក នៅកម្ពុជាមានការញ័ររញ្ជួយតិចតួច ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមផ្ទាល់ បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា និង ប្រទេសថៃ ចំពោះការបាត់បង់អាយុជីវិត របួស និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
កម្ពុជា បួងសួងដល់ព្រលឹងនៃអ្នកដែលបានទទួលមរណភាព និងសូមឱ្យអ្នករងរបួសនិងរង ផលប៉ះពាល់បានជាសះស្បើយយ៉ាងឆាប់រហ័ស និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះអ្នកដែលបានបាត់បង់បុគ្គលជាទីស្រលាញ់មហន្តរាយនេះ និងអ្នកដែលកំពុងតស៊ូដ៏លំបាកក្នុងគ្រោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាមានសាមគ្គីភាព និងគាំទ្រយ៉ាងពេញលេញជាមួយបងប្អូនអាស៊ានរបស់យើង។ កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារ (១០ម៉ឺនដុល្លារ អាមេរិក) ដល់ប្រទេសមីយ៉ាន់ម៉ា ហើយកម្ពុជាកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតតាមការសមស្រប។ កម្ពុជារីករាយដែលបានឮប្រទេសជាច្រើននៅក្រៅតំបន់ក៏ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ាដែរ។
ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនៃប្រទេស មីយ៉ាន់ម៉ា និងប្រទេសថៃ ចំពោះជំនួយដែលបានផ្តល់ជូនដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះ ពាល់ដោយគ្រោះមហន្តរាយនេះ។ ស្ថានទូតរបស់កម្ពុជានៅក្នុងប្រទេសនីមួយៗ កំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយក្រុមជួយសង្គ្រោះនៅលើទីកន្លែងផ្ទាល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តក្នុងការស្មារតីសាមគ្គីភាពជាមួយប្រទេស មីយ៉ាន់ម៉ា ថៃ និងក្រុមគ្រួសារអាស៊ានទាំងមូល ក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុង អំឡុងពេលដ៏លំបាកនេះ៕




